លោកខាងលិច ២៦ ប្រទេសត្រៀមបញ្ជូនទ័ព ទៅជួយអ៊ុយក្រែន តែ រុស្ស៊ី ថា វាយកម្ទេចទាំងអស់
បរទេស ៖ បណ្តាប្រទេសលោកខាងលិច ចំនួន ២៦ប្រទេស បានប្រកាសរួមដៃគ្នា ត្រៀមខ្លួនបញ្ជូនកងទ័ព ទៅជួយការពារប្រទេសអ៊ុយក្រែន ប៉ុន្តែ រុស្ស៊ី បានឆ្លើយតបវិញថា នឹងវាយកម្ទេចចោល ទាំងអស់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC លោក ប្រធានាធិបតី បារាំង Emmanuel Macron បានអះអាង កាលពីថ្ងៃទី៤ ខែកញ្ញា ថា សម្ព័ន្ធមិត្តលោកខាងលិចទាំងនេះ បានប្តេជ្ញាជាផ្លូវការ ក្នុងការដាក់ពង្រាយកងទ័ព ទាំង តាមផ្លូវគោក សមុទ្រ ឬ ផ្លូវអាកាស នៅមួយថ្ងៃ បន្ទាប់ពី មានការយល់ព្រម លើបទឈប់បាញ់ ណាមួយ។ ក្រោយពីបានចូលរួមកិច្ចប្រជុំកំពូល «សម្ព័ន្ធនៃឆន្ទៈ» លោក Macron បាននិយាយទៀតថា សហរដ្ឋអាមេរិក ក៏គ្រោងនឹងគាំទ្រ ផែនការបញ្ជូនទ័ព រួមគ្នានេះ ផងដែរ ក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ។
ឆ្លើយតបនឹងផែនការនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមាន នៅថ្ងៃទី៥ ខែកញ្ញា នេះ វិញ ថា កងទ័ពលោកខាងលិចណាក៏ដោយ ឲ្យតែហ៊ានឈរជើង នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅ វាយប្រហារស្របច្បាប់ របស់កងទ័ពរុស្ស៊ី។ លោក ពូទីន បានបន្ថែមថា ការដាក់ពង្រាយកម្លាំងបែបនេះ មិនអំណោយផលដល់សន្តិភាព យូរអង្វែងទេ ហើយ បាននិយាយថា ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ របស់អ៊ុយក្រែន ជាមួយលោកខាងលិច គឺជាអ្វីដែលលោកហៅថា ជា «មូលហេតុដើម» នៃជម្លោះ។
យ៉ាងណា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនទាំងនោះ មិនបានបង្ហាញ ពីព័ត៌មានលម្អិតជាក់លាក់ណាមួយ នៃផែនការនេះទេ រួមទាំង ចំនួនទាហាន និង ថាតើ រួមចំណែកយ៉ាងដូចម្តេច។
ទីក្រុង Kyiv តែងតែអះអាងថា ការធានាសន្តិសុខ ដែលគាំទ្រដោយទាហានលោកខាងលិច គឺមានសារៈសំខាន់ចំពោះកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដើម្បីធានាថា រុស្ស៊ីមិនចាប់ផ្តើមការវាយលុក ឡើងវិញនាពេលអនាគត។
មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការវាយលុករបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបង្ខំមនុស្សរាប់លាននាក់ ចាកចេញពីផ្ទះសម្បែង និង បានបំផ្លាញភាគច្រើន នៃប៉ែកខាងកើត និង ភាគខាងត្បូង ប្រទេសអ៊ុយក្រែន៕
ប្រភពពី BBC, AFP ប្រែសម្រួល៖ សារ៉ាត