មីជាតិ នាំយកកុនខ្នាតធំ ជូនកុមារភៀសសឹករាប់រយនាក់ ទស្សនាជាលើកដំបូងក្នុងឆាកជីវិត

ខេត្តព្រះវិហារ ៖ ក្រុមហ៊ុនមីជាតិ ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” នាពេលថ្មីៗនេះ បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារភៀសសឹករាប់រយនាក់ នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តគំនូរជីវចលខ្នាតធំ ក្នុងជំរុំភៀសសឹក ដើម្បីចែករំលែកជូនប្អូនៗកុមារភៀសសឹកជូនទស្សនាជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ។

លោក ហុង សុវណ្ណ ប្រធានធុរកិច្ច ក្រុមហ៊ុនមីជាតិ បានលើកឡើងថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ”បានប្រារព្ធឡើងមកបាន ២លើកមកហើយ ដែលសកម្មភាពមនុស្សធម៌សង្គមមួយនេះ ដែលផ្ដួចផ្ដើមឡើងក្នុងគោលបំណងបំពេញក្ដីស្រមៃជូនកុមារតូចៗ តាមរយៈការនាំយកផ្ទាំងទស្សនីយភាពកុន ដែលជានិច្ចកាលចាក់បញ្ចាំងនៅតាមរោងភាពយន្ត មកជូនកុមារដែលពុំធ្លាប់បានទទួលបទពិសោធន៍ និងទស្សនាពីមុនមក។ កម្មវិធីសប្បុរសធម៌នេះបានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយសុខុមាលភាពកុមារ រួមជាមួយការឆ្លុះបញ្ចាំងពីឆន្ទៈនៃការប្តេជ្ញាចិត្តរួមគ្នា បង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើពួកគេ ក្នុងកាលៈទេសៈដែលក្រុមគ្រួសារភៀសសឹកជាច្រើនកំពុងស្ថិតនៅតំបន់ជម្លៀសសុវត្ថិភាពនៅឡើយ។

តាមរយៈការទស្សនានូវគំនូរជីវចលបែបអប់រំ មីជាតិ ជឿជាក់ថា សកម្មភាពកម្សាន្តនេះនឹងជួយបង្កើតការចងចាំដ៏សប្បាយរីករាយមួយ និងជំរុញឲ្យកុមារភៀសសឹកទាំងអស់ កើតមានក្តីស្រមៃខ្ពស់ ភ្ជាប់ជាមួយក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អរបស់ពួកគេ។ ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការរបស់កម្មវិធីនេះ គឺរោងភាពយន្តលេជេន ដែលបានសម្របសម្រួលក្នុងការទទួលសិទ្ធិស្របច្បាប់ក្នុងការចាក់បញ្ចាំងខ្សែភាពយន្តនេះជូនកម្មវិធី។

ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានប្រចាំនៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនមីជាតិ ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការចែករំលែកទុក្ខលំបាក់ និងផ្ដល់នូវបទពិសោធន៍ និងការចងចាំដ៏រីករាយថ្មីមួយទៀតដល់កុមារភៀសសឹករាប់រយនាក់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត។ លោកបន្តថា ការចូលរួមពីក្រុមហ៊ុនឯកជន ដូចជា មីជាតិថ្ងៃនេះពិតជាមានសារៈសំខាន់ និងអត្ថន័យខ្លាំងណាស់ ក្នុងការចូលរួមតំហែទាំសុខុមាលភាពកុមារ ដែលកំពុងស្នាក់នៅជំរុំភៀសសឹក។

ក្នុងឱកាសនេះ ក្រុមហ៊ុនមីជាតិ ក៏បានពាំនេះយកអំណោយជាឈុតៗជូនប្អូនៗកុមាររួមមាន៖ មីជាតិ, ទឹកពិសាវីតាល់, តុក្កតា, ដបទឹក, កាបូបដាក់ប៊ិច, សៀវភៅសរសេរ, សៀវភៅផាត់រូប, ខ្មៅដៃ, ខ្មៅដៃពណ៌, ប្រដាប់ខួងខ្មៅដៃ, នំកញ្ចប់, ទឹកដោះគោ និងអាហារសម្រន់ជាមីជាតិ និងពោតផ្ទុះ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយជូនប្អូនៗកុមារភៀសសឹក។

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌ “មើលកុនជាក្ដីស្រមៃខ្ញុំ” លើកទី២ អាចកើតឡើងបានក៏ដោយសារគម្រោង “ខ្មែរដើម្បីខ្មែរ” របស់ក្រុមហ៊ុនមីជាតិ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពមនុស្សធម៌។ មីជាតិ មានលទ្ធភាពបន្តកិច្ចការងារសង្គមនេះក៏ដោយសារការនិយមគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិគ្រប់ៗរូប។ មីជាតិ បានតាំងចិត្ត ក្នុងការបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គម លើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ។ មីជាតិ ជាផលិតផលមីកញ្ចប់ឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា ដែលមានរសជាតិបែបខ្មែរ និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ធានាបាននូវគុណភាពខ្ពស់ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner