ម្ចាស់ដេប៉ូលក់ចាប់ហួយធំៗអះអាងថា ផលិតផលមីជាតិមិនបានលក់តម្លើងថ្លៃ ដូចពាក្យចចាមអារ៉ាមទេ

ភ្នំពេញ៖ លោកស្រី រស់ ទៀង ម្ចាស់ដេប៉ូចាប់ហួយបោះដុំដ៏ធំមួយ ដែលមានអាស័យដ្ឋានៅខាងលិចផ្សារអូឡាំពិក បានមានប្រសាសន៍អះអាងថា ដេប៉ូបោះដុំ តែ តិចឡុង និង ដេប៉ូចាប់ហួយបោះដុំធំៗដទៃទៀត មិនដែលលក់ឡើងថ្លៃ លើផលិតផលមីជាតិ ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទាំងប្រទេសនោះឡើយ មិនដូចអ្វីដែលពាក្យចចាមអារ៉ាមលើកឡើងថ្មីៗនេះទេ។

លោកស្រី រស់ ទៀង បានឱ្យដឹងថា ចាប់តាំងពីផលិតផលមីកញ្ចប់ឆ្អិនស្រាប់ដំបូងគេរបស់ខ្មែរ មួយប្រភេទនេះ ចាប់ផ្តើមដំណើរការដាក់លក់ផលិតផលនៅលើទីផ្សារជាផ្លូវការមក ដេប៉ូតែតិចឡុង បានទទួលយកមកលក់ និងចែកចាយបន្តទូទាំងរាជធានីភ្នំពេញ។ នៅមួយរយៈពេលចុងក្រោយនេះ ផលិតផលមីជាតិ បានផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសាមីជាតិមានច្រើនរសជាតិ ដូចជារសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ រសជាតិស៊ុបមាន់ រសជាតិម្ជូរបង្គា និងមីគោករសជាតិគ្រឿងសមុទ្រជាដើម។

លោកស្រីបានបន្តថា មូលហេតុដែលយកមីជាតិមកបោះដុំបន្តដោយសារតែវាជាផលិតរបស់ខ្មែរ មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យទៀតផង។ លោកស្រីគិតថា មីជាតិ ខុសពីមីធម្មតាដទៃទៀតព្រោះ ជាផលិតផលផលិតឡើងក្នុងស្រុក សរសៃមីល្អហើយរសជាតិប្លែកពីគេ អាចនិយាយបានថា ជារសជាតិរបស់ខ្មែរពិតៗ។

លោកស្រីបានបញ្ជាក់ថា ទោះបីជាស្ថានភាពយ៉ាងណាក៏ដោយ ក្រុមហ៊ុនមីជាតិតែងតែប្រកាន់ជំហរមិនឡើងថ្លៃនោះទេ តួយ៉ាងក្នុងស្ថានភាព ដែលប្រទេសកម្ពុជាកំពុងជួបនូវជំងឺកូវីដ១៩ ក្នុងស្ថានភាពគ្រោះទឹកជំនន់កន្លងទៅ ហើយថ្មីៗនេះ ក្នុងកាលៈទេសៈដែលប្រទេសកំពុងជួបនូវការឈ្លានពានពីប្រទេសជិតខាង ក៏ក្រុមហ៊ុននៅតែរក្សាតម្លៃដដែរ។

ខ្ញុំហ៊ាននិយាយថា “នៅដេប៉ូខ្ញុំ ខ្ញុំលក់មីជាតិក្នុងតម្លៃ ១៨០០០រៀល ឬ 4.5 $ ក្នុងមួយកេស ហើយបើសិនបងប្អូនជាវច្រើនកេស តម្លៃក៏ពិសេសជាងនេះទៀត”។ ដូច្នេះក្នុងនាមជាដេប៉ូចែកចាយធំរបស់មីជាតិ លោកស្រីសូមឱ្យបងប្អូនជឿជាក់ និងនៅតែបន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកគុណភាពខ្ពស់ ហើយយើងរួមគ្នាធ្វើពហិការដាច់ខាត មិនប្រើប្រាស់ផលិតផលរបស់ប្រទេសជិតខាង។ ខ្មែរជួយខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិរីកចំរើន។

សូមបញ្ជាក់ថា មីជាតិ ត្រូវបានប្រសិទ្ធនាម ជាស្បៀងអាហារចាំបាច់ និង ជាទំនិញយុទ្ធសាស្ត្រជាតិរបស់ ក្រសួង ពាណិជ្ជកម្ម។ ក្នុងកាលៈទេសៈ ដែលប្រទេសកំពុងជួបនូវសង្គ្រាមជាមួយប្រទេសជិតខាង ក្រុមហ៊ុនមីជាតិ សហការយ៉ាងស្និទ្ធ ជាមួយក្រសួងពាណិជ្ជកម្ម កំណត់មិនមានការឡើងថ្លៃទេ ទោះបីជាវត្ថុធាតុដើមមួយចំនួនបានឡើងថ្លៃក៏ដោយ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner