មន្ត្រីក្រសួងសាធារណការ សូមឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន

(សៀមរាប)៖ ថ្លែងនៅក្នុងពិធីសម្ភោធកាត់ខ្សែបូរ ដាក់ឱ្យប្រើប្រាស់បរិក្ខាសុវត្ត្ថិភាពចរាចរណ៍ នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារៈអប់រំផ្សព្វផ្សាយនានាក្នុងបរិវេណវិទ្យាល័យគោលដៅ នៅក្នុងនៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ពិសេស មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ហើយមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួត ពិនិត្យកង់ចង្កូតហ្វ្រាំងភ្លើងបំភ្លឺជាដើម  ។

លោកជំទាវ មឹន មាណវី បានគូសបញ្ជាក់ថា ការបំពាក់បរិក្ខាសុវត្ត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យនេះ គឺមានគោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេស សិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះ បាន និងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមាន ការចូលរួមគោរពច្បាប់ ចរាចរណ៍ឱ្យបានគ្រប់គ្នាផងដែរ ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណដល់អង្គការមូលនិធិបង្ការរបួសអាស៊ី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលអនុវត្តក្មវិធីវិធានការសុវត្ថិភាពចរាចរណ៍នៅវិទ្យាល័យគោលដៅក្នុងខេត្តសៀមរាប ជាពិសេស បានរៀបចំបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសម្ភារៈផ្សព្វផ្សាយអប់រំនានាក្នុងបរិវេណវិទ្យាល័យគោលដៅ ដែលជាវិធានការដ៏មានសារៈសំខាន់ សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានារក្សាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង តាមតំបន់សាលារៀន ព្រមទាំងបានចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពិតជាបានជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របៀបរៀបរយលើកិច្ចការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្លាកសញ្ញាចរាចរណ៍ និង ចៀសវាងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលផ្តល់នូវភាពសុខដុមសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសធានាបាននូវសុខសុវត្ថិភាពដល់សិស្សសាលាយ៉ាងច្រើនបន្ថែមទៀត។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមលើការប្រើប្រាស់ផ្លូវថ្នល់ឱ្យមាននិរន្តរភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅតាមដងផ្លូវឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព និងសូមឲ្យ រក្សាបាននូវសុខសុវត្ថិភាពយ៉ាងល្អជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត ហើយក៏ជាសមិទ្ធិផលដ៏មានតម្លៃសម្រាប់ខេត្តសៀមរាប បន្ថែមទៀតផងដែរ ។

លោកស្រី ស៊ាង លក្ខិណា អនុប្រធានផ្នែកនិរន្តរភាព និងវិនិយោគសហគមន៍នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថាកុមារនិងយុវជនជាច្រើនប្រឈមនឹងហានិភ័យនៅពេលធ្វើដំណើរទៅសិក្សារៀនសូត្រជាប្រចាំថ្ងៃ ហើយគ្រោះថ្នាក់ចរាចរណ៍គឺជាបុព្វហេតុចម្បងនៃមរណភាពកុមារនិងក្មេងវ័យជំទង់អាយុចន្លោះពី ៥-២៩ឆ្នាំនៅទូទាំងពិភពលោក។ នៅកម្ពុជា មានសិស្ស-និស្សិតចំនួន ១២% ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ក្នុងឆ្នាំ២០២២។ ក្នុងចំណោមជនរងគ្រោះជាសិស្ស-និស្សិតទាំងនេះ ប្រមាណជិត ៦០% គឺជាសិស្សកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ នេះគឺជាវិបត្តិផ្នែកសុខភាពសាធារណៈមួយដែលមានផលប៉ះពាល់យ៉ាងខ្លាំងបំផុតមកលើយុវជន ។ សិស្សានុសិស្សទទួលរងប៉ះពាល់បំផុត ដោយសារតែពួកគាត់ទើបតែរៀន ឬចាប់ផ្តើមជិះយានជំនិះ ពុំមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបើកបរហើយជួនកាល ពួកគាត់បានចូលរូមក្នុងឥរិយាបទមួយប្រកបដោយហានិភ័យខ្ពស់ ដូចជាមិនបានពាក់មួកសុវត្ថិភាព ការបើកបរក្នុងល្បឿនលើសកំណត់ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner