អាល្លឺម៉ង់ចង់ទិញយន្តហោះចម្បាំង Eurofighters និងមីស៊ីលបន្ថែមទៀត

ប៊ែរឡាំង ៖ រដ្ឋាភិបាលអាល្លឺម៉ង់មានផែនការស្វែងរកការយល់ព្រមពីសភា សម្រាប់គម្រោងការពារជាតិប្រហែល ៨១គម្រោងនៅដំណាច់ឆ្នាំ ២០២៥នេះ ក្នុងនោះរួមមានទាំងការទិញយន្តហោះចម្បាំង Eurofighter និងការធ្វើទំនើបមីស៊ីលបញ្ជាទិស Taurus ផងដែរ នេះបើយោងតាមឯកសារដែលកាសែតរ៉យទ័របានឃើញ។

ឯកសារនេះ រាយបញ្ជីគម្រោងការពារជាតិចំនួន ៨១គម្រោង ដែលលើសពីកម្រិតកំណត់នៃទឹកប្រាក់ ២៩ លានដុល្លារ ដែលការទិញត្រូវតែទទួលបានការអនុម័តពីគណៈកម្មាធិការថវិការបស់សភាអាល្លឺម៉ង់ជាមុនសិន។

នៅក្នុងបញ្ជីនេះ រួមមានការបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿង ដែលផលិតដោយក្រុមហ៊ុន Airbus និងការធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលបញ្ជាទិស Taurus ដែលរួមបញ្ចូលទាំងការជំរុញសង្វាក់ផលិតកម្មមីស៊ីលជំនាន់ក្រោយ គឺ Taurus NEO។

គម្រោងសំខាន់ៗផ្សេងទៀតនៅក្នុងបញ្ជី ក៏រួមមានការបញ្ជាទិញប្រព័ន្ធមីស៊ីល Patriot និង IRIS-T SLM យានជំនិះចម្បាំង Puma រថពាសដែក Boxer និងយន្តហោះគ្មានមនុស្សបើក Heron TP ដែលផលិតនៅអ៊ីស្រាអែល។

កាលពីឆ្នាំមុន កាសែតរ៉យទ័របានរាយការណ៍ថា រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius មានគោលបំណងអភិវឌ្ឍមីស៊ីល Taurus ឱ្យកាន់តែទំនើបខ្លាំង ហើយក៏ចង់ទិញបន្ថែមចំនួន ៦០០គ្រាប់ផងដែរ។

បច្ចុប្បន្ន កងកម្លាំងអាល្លឺម៉ង់មានមីស៊ីល Taurus ចំនួន ៦០០គ្រាប់ ដែលអាចមានសមត្ថភាពបាញ់បានចម្ងាយជាង ៥០០ គីឡូម៉ែត្រនៅក្នុងឃ្លាំងសព្វាវុធរបស់ពួកគេ ហើយមីស៊ីលទាំងនេះនឹងត្រូវបំពាក់នៅក្នុងយន្តហោះចម្បាំងមួយចំនួន មានដូចជាយន្តហោះចម្បាំង Tornado យន្តហោះចម្បាំង F-15 និងយន្តហោះចម្បាំង F/A-18។

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner