ប្លុកអារ៉ាប់ថា សន្តិភាពនៅមជ្ឈិមបូព៌ាទាមទារការបញ្ឈប់ទង្វើអរិភាពរបស់អ៊ីស្រាអែល
បរទេស ៖ សម្ព័ន្ធអារ៉ាប់និយាយថា ការរួមរស់ដោយសន្តិភាពនៅមជ្ឈិមបូព៌ា មិនអាចសម្រេចបាន ដោយគ្មានរដ្ឋប៉ាឡេស្ទីន និង ការបញ្ចប់សកម្មភាពអរិភាពរបស់អ៊ីស្រាអែលឡើយ។
នៅក្នុងសេចក្តីសម្រេចមួយដែលដាក់ជូនដោយប្រទេសអេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ហើយត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធអារ៉ាប់បាននិយាយថា ការបរាជ័យឈានដល់ដំណោះស្រាយដ៏ត្រឹមត្រូវមួយ ចំពោះបុព្វហេតុប៉ាឡេស្ទីន និងការបញ្ឈប់សកម្មភាពអរិភាពរបស់អ៊ីស្រាអែល នៅតែជាឧបសគ្គចម្បងសម្រាប់សន្តិភាពក្នុងតំបន់។
សេចក្តីសម្រេចនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំទូលំទូលាយនៅទីក្រុងគែរ ដែលរដ្ឋមន្ត្រីការបរទេស បានគាំទ្រចក្ខុវិស័យរួមសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
កិច្ចប្រជុំនេះ ធ្វើឡើងចំពេលដែលកងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយលុកយោធារបស់ពួកគេ នៅជុំវិញទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងធំបំផុតរបស់ដែនដីនេះ។
ហើយប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានអំពាវនាវឲ្យមានការបញ្ចូលតំបន់៊ West Bank ជាឧបសម្ព័ន្ធរបស់ប្រទេសនេះ ដើម្បីបញ្ចប់គំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
