ប្រធានាធិបតីហ្វីលីពីន នឹងក្លាយជាប្រធានាធិបតីទី១ បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ
(ភ្នំពេញ)៖ ប្រធានាធិបតីហ្វីលីពីន នឹងក្លាយជាប្រធានាធិបតីទី១ បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវដាក់ឱ្យហោះហើរជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបប្រជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ជាការចាប់ផ្ដើម សម្ដេចតេជោ ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់ ក៏បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តមប្រធានាធិបតីផងដែរ ។ សម្ដេចតេជោ បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើន ។
ឯកឧត្តម ម៉ាកូស បានសំដែងនូវការអរគុណ ហើយក៏បានផ្ដាំតាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ថ្វាយចំពោះព្រះមហាក្សត្រ ក្នុងការសាកសួរសុខទុក្ខពីឯកឧត្តម ។ ឯកឧត្តម ក៏បានបង្ហាញនូវក្តីរីករាយនៅពេលឯកឧត្តម បានអញ្ជើញមកដល់កម្ពុជា ហើយ ឯកឧត្តមបានឃើញនៅតាមផ្លូវ មានយុវជន ប្រជាពលរដ្ឋខ្មែរ បានស្វាគមន៍ ឯកឧត្តមយ៉ាងកក់កៅ ដែលធ្វើឲ្យឯកឧត្តមផ្ទាល់ និង គណៈប្រតិភូ មានការរំភើបចិត្តយ៉ាងខ្លាំង ចំពោះបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានរំលេចអំពីវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នា ក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ។ ក្នុងចំណុចនេះ សម្ដេចតេជោ បានកត់សម្គាល់ដោយបានបញ្ជាក់ និងអរគុណចំពោះ ឯកឧត្តមម៉ាកូស ដោយ ឯកឧត្តម បានចុះចតយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសម្ដេចតេជោ ថា ការចុះចតនេះ ដូច ឯកឧត្តម អញ្ជើញមកបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចុងក្រោយ ហើយនៅពេលឯកឧត្តម អញ្ជើញនិវត្តន៍វិញ គឺឯកឧត្តម និងធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការសម្ពោធដោយ ឯកឧត្តម គឺជាប្រធានាធិបតីទី១ បានហោះហើរចេញពីអាកាសអន្តរជាតិតេជោ ដែលអាចបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរ ។
ទាក់ទងនឹងចំណុចទាំងអស់នេះ ឯកឧត្តម ម៉ាកូស បានអរគុណចំពោះការផ្ដល់តម្លៃរបស់ភាគីកម្ពុជា ជាពិសេស ឯកឧត្តម បានលើកឡើងពីការចុះចតយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបិទនៅក្នុងពេលវត្តមានរបស់ ឯកឧត្តមអញ្ជើញមកដល់ ហើយ ឯកឧត្តម ត្រឡប់ទៅវិញ គឺតាមអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ក៏ដូចជាការសម្ពោធនៅទីនោះ ក្នុងការចាប់ផ្ដើមហោះហើរដំបូង ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវរួមគ្នាបន្ថែម ក្នុងនោះ ឯកឧត្តម បានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ក៏ជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែល ឯកឧត្តម សង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ ផងដែរ ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៥ ។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ ។ ក្រៅពីក្រុមហ៊ុនចិន អាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន ៥ប្រទេសទៀតចូលរួមសាងសង់ គឺមានក្រុមហ៊ុនមកពីប្រទេសកាណាដា អង់គ្លេស បារាំង សិង្ហបុរី និងកូរ៉េខាងត្បូង ។
នេះជាការបញ្ចប់នូវដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអាចទទួលអ្នកដំណើរបានដល់ ១៣លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ