អ៊ីស្រាអែលបន្តវាយប្រហារអគារខ្ពស់ នៅហ្គាហ្សា
ហ្គាហ្សា ៖ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តវាយប្រហារអគារខ្ពស់ នៅក្នុងទីក្រុង ហ្គាហ្សា បន្ទាប់ពីមានបញ្ជាជម្លៀសចេញ។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារ ប៉មលំនៅដ្ឋានមួយ ក្នុងទីក្រុង Gaza កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចេញការព្រមាន អំពីការជម្លៀស ចំនួនពីរដង ខណៈដែលទីភ្នាក់ងារការពារជនស៊ីវិលនៃទឹកដីប៉ាឡេស្ទីន រាយការណ៍ថា មិនមានអ្នកស្លាប់ ភ្លាមៗនោះទេ។
យោធាអ៊ីស្រាអែលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សំដៅទៅលើអគារ Al-Roya Tower ដោយនិយាយថា «យោធាអ៊ីស្រាអែល បានវាយប្រហារអគារខ្ពស់មួយ ដែលត្រូវបានប្រើប្រាស់ ដោយអង្គការភេរវករហាម៉ាស នៅក្នុងតំបន់ នៃ ទីក្រុង Gaza»។
គួររម្លឹកថា ការវាយប្រហាររបស់ហាម៉ាស់ លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១,២១៩នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាម ការបូកសរុប របស់ AFP ដោយផ្អែកលើតួលេខ របស់អ៊ីស្រាអែល។
ការវាយលុកសងសឹក របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៦៤,៣៦៨នាក់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមតួលេខ ពីក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា ដែលអង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត