ខេត្តកណ្តាលជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋមកពីថៃ និង អ្នកមិនទាន់មានឯកសារគ្រប់គ្រាន់
(ខេត្តកណ្តាល)៖ មន្ត្រីជាន់ខ្ពស់សាលាខេត្តកណ្តាលបានជំជំរុញដល់អាជ្ញាធរ ឃុំ សង្កាត់ ឱ្យធ្វើឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឲ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។
នេះជាការលើកឡើងរបស់លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅក្នុងវគ្គរំលឹកឡើងវិញស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៥០ សណន ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកស្រី អភិបាលរងខេត្ត បានបន្ថែមថា ៖ ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញាធរ ត្រូវខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ ទើបត្រឡប់ពីប្រទេសថៃ និងអ្នកពុំទាន់មានឯកសារ អត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ដែលការងារនេះគឺចាំបាច់បំផុតសម្រាប់ពួកគាត់យកទៅប្រើប្រាស់ និងងាយស្រួលស្វែងរកការងារធ្វើជាដើម។
លោកស្រីថ្លែងថា “ដោយកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយ ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម បញ្ហានេះ បានបង្កជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ”។

លោកស្រីបានបញ្ជាក់ថា ៖ ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់កម្ពុជាវិញយ៉ាងគំហុក។
ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន ដើម្បីសម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋខ្មែរមកកាន់មាតុប្រទេសវិញ ក្នុងនោះមានដូចជាការផ្តល់មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្ភារៈ ប្រើប្រាស់ផ្សេងៗ គ្រឿងឧបភោគបរិភោគ សេវាសុខាភិបាល និងឱកាសការងារជាដើម ៕
ដោយ ៖ ង៉ាន់ ទិត្យ

