លោក Trump ចេញការព្រមានចុងក្រោយឱ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យ បានចេញនូវអ្វីដែលលោកហៅថា “ការព្រមានចុងក្រោយ” ទៅកាន់ក្រុមប្រដាប់អាវុធហាម៉ាស់ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដោយជំរុញឱ្យពួកគេទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។
សារព័ត៌មាន CNA បានរាយការ៍ថា មេដឹកនាំអាមេរិកមានវ័យ ៧៩ឆ្នាំរូបនេះ បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Truth Social ថា អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់ខ្ញុំ… ដូច្នេះវាដល់ពេលដែលក្រុមហាម៉ាសត្រូវទទួលយកលក្ខខណ្ឌនេះដូចគ្នា។
លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា ខ្ញុំបានព្រមានទៅកាន់ក្រុមហាម៉ាស់ អំពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចទទួលយកបាន ហើយនេះគឺជាការព្រមានលើកចុងក្រោយរបស់ខ្ញុំ ហើយនឹងមិនមានអ្វីផ្សេងទៀតឡើយ។
ក្រោយមក ក្រុមហាម៉ាស់បានចេញមកប្រកាសថា ខ្លួនបានទទួលគំនិតថ្មីៗ តាមរយៈអ្នកសម្របសម្រួលពីភាគីអាមេរិក និងកំពុងពិនិត្យលក្ខខណ្ឌដែលអាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
ក្រុមប្រដាប់អាវុធនេះបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាដោះដូរចំណាប់ខ្មាំងទាំងអស់ ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ពេញលេញ និងការដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សំណើរបស់លោកប្រធានាធិបតី Trump នឹងឃើញក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំង ៤៨នាក់ភ្លាមៗ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ជាមួយនឹងការចរចាបន្ថែម ស្តីពីការបញ្ចប់សង្រ្គាមដែលកើតឡើងអំឡុងបទឈប់បាញ់។ មន្ត្រីអ៊ីស្រាអែលម្នាក់និយាយថា ផែនការនេះកំពុងត្រូវបានពិចារណាយ៉ាងហ្មត់ចត់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
