ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នឹងផ្តល់ទិន្នន័យ​រួមមួយ​​ដែល​ច្បាស់លាស់ ឯកភាពគ្នា ហើយប្រើប្រាស់បានរួមគ្នា

(ភ្នំពញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា “ការធ្វើ​បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នឹងផ្តល់ទិន្នន័យ​រួមមួយ​ដែលមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព អាចជឿទុកចិត្តបានពី​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ សម្រាប់ការប្រើប្រាស់ជារួមនៅក្នុងប្រព័ន្ធរួមតែមួយ​នៃរដ្ឋបាល​សាធារណៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមលើកឡើងបែបនេះ ដោយបានបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើជំរឿនមន្ត្រី​នេះថា ជាជំហានបន្ថែមមួយទៀតក្នុងការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ។ “ការ​ពង្រឹង​ប្រព័ន្ធរដ្ឋបាលសាធារណៈ ក៏គឺជាការពង្រឹងសមត្ថភាពខ្មែរ” ឯកឧត្តមបាន​បន្ថែម។

ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី​ថ្នាក់​ដឹក​នាំ មន្ត្រីរាជការដែលជាសមាជិក សមាជិកានៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនា​សម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែងទាំង៣គោលដៅ នៃក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួង​សុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និង​កីឡា និងមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។

កិច្ចប្រជុំបានកំណត់ថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង សម្រាប់រចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ។ ទន្ទឹមនោះ សម្រាប់រចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមនៅ​ខណ្ឌដូនពេញ ហើយសម្រាប់រចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាល​មូលដ្ឋាន នឹង​ចាប់ផ្តើមនៅការិយាល័យស្រុកប្រតិបត្តិចតុមុខ រាជធានីភ្នំពេញ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner