អ៊ីស្រាអែលវាយកម្ទេចផ្សារបន្លែនៅវ៉េសបេង
វ៉េសបេង ៖ កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារ កម្ទេចផ្សារបន្លែមួយកន្លែង នៅភាគខាងត្បូង នៃ តំបន់វ៉េសបេង ខណៈយោធាប្រទេសនេះ បន្តកាន់កាប់ តំបន់ប៉ាឡេស្ទីន មួយនេះ។
ទាហានអ៊ីស្រាអែលបានឈូសឆាយកម្ទេចហាងលក់ដុំ នៅផ្សារផលិតផលបន្លែ ក្នុងភូមិ Beita ខាងត្បូង ទីក្រុង Nablus ក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ កាលពីថ្ងៃទី៨ ខែកញ្ញា។
ក្រោយការកម្ទេច រួច អាជីវករប៉ាឡេស្ទីន បានព្យាយាមសង្គ្រោះ របស់របរ ដោយដើរនៅកណ្តាលគំនរបាក់បែក។ ប្រភពក្នុងស្រុក និងសន្តិសុខបានរាយការណ៍ថា កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលបានសម្រុកចូលតំបន់ផ្សារ នៅពេលព្រឹកព្រលឹម ហើយបានបង្ខំម្ចាស់ហាង ឱ្យជម្លៀសទំនិញ និងបន្លែ របស់ពួកគេ។ ក្រោយមក គ្រឿងចក្រឈូសឆាយរបស់អ៊ីស្រាអែល បានចាប់ផ្តើមវាយកម្ទេច ហាងលក់បន្លែ និងផ្លែឈើ នៅទីនោះ។
គួរបញ្ជាក់ថា អ្នកតាំងលំនៅអ៊ីស្រាអែល រាប់រយពាន់នាក់ កំពុងទៅរស់នៅ ទូទាំងតំបន់ West Bank ក្បែរនឹងតំបន់ហ្គាហ្សា បើទោះបីជា សហគមន៍អន្តរជាតិចាត់ទុកថា ជាអំពើខុសច្បាប់ ខណៈដែលកំពុងមានចម្រូងចម្រាស់ ជាមួយប្រជាជនប៉ាឡេស្ទីន។
ក្នុងសង្គ្រាម នៅហ្គាហ្សា តាំងពីឆ្នាំ២០២៣ រវាងអ៊ីស្រាអែល និង ហាម៉ាស់ ក៏មានការសម្លាប់ជនជាតិ ប៉ាឡេស្ទីន ជិត១ពាន់នាក់ នៅតំបន់ West Bank ផងដែរ។
ប្រជាកសិករ នៅតំបន់ West Bank ធ្លាប់បានអះអាងថា អ៊ីស្រាអែលក៏បានដុតបំផ្លាញដំណាំប៉ាឡេស្ទីនផងដែរ ខណៈដែលយោធាប្រទេសនេះ នៅតែបន្តវាយលុក ដោយយកលេសថា តាមកំចាត់ពួសកម្មប្រយុទ្ធ ហាម៉ាស់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
