កូរ៉េខាងត្បូងប្រហែល ៣០០នាក់ជាប់ឃុំនៅអាមេរិក នឹងត្រឡប់មកស្រុកវិញសប្តាហ៍នេះ

សេអ៊ូល ៖ កម្មករកូរ៉េខាងត្បូងប្រហែល ៣០០នាក់ដែលជាប់ឃុំខ្លួននៅអាមេរិក ត្រូវបានរំពឹងថា នឹងបញ្ជូនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ តាមរយៈជើងហោះហើរជួលមួយនៅចុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់សម្តីអ្នកការទូតកូរ៉េខាងត្បូងម្នាក់កាលពីថ្ងៃចន្ទ។

លោក សូ គីជូន អគ្គកុងស៊ុលនៅស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងវ៉ាស៊ីនតោន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីថា កាលបរិច្ឆេទនៃការបញ្ជូនពួកគេត្រឡប់មកវិញ គឺប្រហែលជាថ្ងៃពុធសប្តាហ៍នេះ តាមរយៈយន្តហោះជួលមួយគ្រឿង ដែលនឹងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Jacksonville ក្នុងរដ្ឋ Florida ជាទីដែលពួកគេជាប់ឃុំនៅមជ្ឈមណ្ឌលឃុំឃាំង Folkston ក្នុងរដ្ឋ Georgia។

សូមរម្លឹកថា អាជ្ញាធរអន្តោប្រវេសន៍អាមេរិកបានឃាត់ខ្លួនមនុស្សចំនួន ៤៧៥នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងប្រហែល ៣០០នាក់ បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី៤ ខែកញ្ញា នៅឯការដ្ឋានសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនីដែលដំណើរការដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution។

ប្រធានបុគ្គលិកប្រធានាធិបតីកូរ៉េខាងត្បូង លោក កាង ហូនស៊ីក បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាត្រូវបានបញ្ចប់ សម្រាប់ការដោះលែងជនជាតិកូរ៉េខាងត្បូង ដែលជាប់ឃុំខ្លួននៅអាមេរិក។ លោកថា នៅពេលដែលនីតិវិធីរដ្ឋបាលត្រូវបានបញ្ចប់ យន្តហោះជួលមួយគ្រឿងនឹងហោះហើរទៅនាំយកជនជាតិកូរ៉េខាងត្បូងទាំងនោះត្រឡប់ទៅផ្ទះវិញ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner