លោក គីម ជុងអ៊ុន ធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីលឆ្លងទ្វីបបច្ចេកវិទ្យាថ្មី អ្នកជំនាញជឿថា អាចបាញ់គ្រាប់ដល់អាមេរិក

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យមើលការសាកល្បងម៉ាស៊ីនដើរដោយឥន្ធនៈរឹង ដែលប្រើបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី៩ ខែកញ្ញា។

ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងដោយរដ្ឋបាលមីស៊ីល ខណៈរូបថតបង្ហាញថា បានធ្វើឡើងនៅទីតាំងសាកល្បងបាញ់បង្ហោះផ្កាយរណប Sohae នៅឆ្នេរសមុទ្រភាគពាយព្យ ជិតព្រំដែនជាមួយប្រទេសចិន។

ម៉ាស៊ីននេះប្រើប្រាស់សម្ភារៈសមាសធាតុកាបូនហ្វៃប៊ឺ ដែលទើបនឹងបង្កើតថ្មី ហើយការសាកសល្បងកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្លាយជាសមិទ្ធផលដ៏សំខាន់បំផុតជាយុទ្ធសាស្ត្រ នៅក្នុងការងារធ្វើទំនើបកម្មបច្ចេកវិទ្យាការពារជាតិ ដែលកូរ៉េខាងជើងបានធ្វើនាពេលថ្មីៗនេះ។

ក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានថ្លែងអះអាងថា ការអភិវឌ្ឍន៍ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្តែតថ្មីនេះ នាំទៅរកការផ្លាស់ប្ដូរដ៏សំខាន់ចំពោះលើកកម្ពស់ និងពង្រឹងកងកម្លាំងយុទ្ធសាស្រ្តនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

កូរ៉េខាងជើងបានហៅព្រឹត្តិការណ៍នេះថា ជាការសាកល្បងលើកទី៩ និងចុងក្រោយមួយ នៃដំណើរការអភិវឌ្ឍរបស់ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្តែត ដោយលើកឡើងថា នឹងមានការបាញ់សាកល្បងមីស៊ីលបាលិស្ទីកអន្តរទ្វីប (ICBM) ដោយប្រើម៉ាស៊ីននេះក្នុងពេលឆាប់ៗ។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនឆ្នាំ ហើយត្រូវបានអ្នកជំនាញជឿជាក់ថា ទំនងជាអាចបាញ់ដល់ទ្វីបអាមេរិក។ កូរ៉េខាងជើងថែមទាំងបានអះអាងកាលពីខែសីហាថា ប្រទេសរបស់ខ្លួននឹងគ្មានថ្ងៃផ្លាស់ប្តូរគោលជំហរ ឬ បោះបង់ចោលអាវុធនុយក្លេអ៊ែរ ដែលជាកិត្យានុភាព និង កិត្តិយសរបស់កូរ៉េខាងជើងឡើយ៕

ប្រភព ៖ France24

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner