លោក Trump បង្គាប់ក្រុមហ៊ុនបរទេស ត្រូវយកបុគ្គលិកជាពលរដ្ឋអាមេរិក ក្រោយការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍ នៅ Hyundai
វ៉ាស៊ីងតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៨ ខែកញ្ញា បានបង្គាប់ឲ្យក្រុមហ៊ុនបរទេសទាំងអស់ ត្រូវយកបុគ្គលិក ជាពលរដ្ឋអាមេរិក បន្ទាប់ពីមានការឆ្មក់ លើជនអន្តោប្រវេសន៍ ដ៏ភ្ញាក់ផ្អើល នៅក្នុងក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai នេះបើយោងតាមការចេញផ្សាយ របស់
ទីភ្នាក់ងារព័ត៌មាន New York Post។
តាមរយៈបណ្តាញសង្គម Truth Social លោក Trump បានអំពាវនាវ ដល់ក្រុមហ៊ុនដែលវិនិយោគនៅអាមេរិក ត្រូវគោរពច្បាប់អន្តោប្រវេសន៍។ លោកបញ្ជាក់ថា «ការវិនិយោគរបស់អ្នក ត្រូវបានស្វាគមន៍ ហើយ យើងលើកទឹកចិត្តអ្នក ឱ្យនាំមនុស្សឆ្លាតរបស់អ្នក ដោយស្របច្បាប់ ជាមួយនឹងទេពកោសល្យបច្ចេកទេសដ៏អស្ចារ្យ ដើម្បីបង្កើតផលិតផលលំដាប់ពិភពលោក តែ អ្វីដែលយើងស្នើសុំ ជាថ្នូរនោះ គឺត្រូវជួល និងបណ្តុះបណ្តាល បុគ្គលិក ជាជនជាតិអាមេរិក។
សូមបញ្ជាក់ថា ថ្មីៗនេះ មន្ត្រីអន្តោប្រវេសន៍ និងគយអាមេរិក បានចុះបង្ក្រាប និង ចាប់ខ្លួនជនជាតិកូរ៉េខាងត្បូង ៣០០នាក់ និង ជាជនជាតិឡាទីន ជិត២០០នាក់ រួមទាំង វិស្វករ និង អ្នកជំនាញបណ្តុះបណ្តាល នៅរោងចក្រអាគុយ Hyundai-LG ស្ថិតនៅក្នុងរដ្ឋ Georgia។
លោក Steven Schrank ភ្នាក់ងារពិសេសទទួលបន្ទុកស៊ើបអង្កេតសម្រាប់រដ្ឋ Georgia បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការស៊ើបអង្កេត បានធ្វើឡើង ក្នុងរយៈពេលជាច្រើនខែ មុនពេលបង្ក្រាប។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះការចាប់ខ្លួននេះ ប៉ុន្តែ បានអះអាងថា ពួកគេនឹងត្រូវបានដោះលែង ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីទីក្រុងសេអ៊ូល បានឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋបាល របស់លោក Trump ។
គួរបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា Samsung, Hyundai, LG, Kia និង SK សុទ្ធតែវិនិយោគ ប្រាក់រាប់ពាន់លានដុល្លារ លើការពង្រីកផលិតកម្ម នៅសហរដ្ឋអាមេរិក៕
ប្រភពពី New York Post ប្រែសម្រួល៖ សារ៉ាត