វៀតណាមកើបលុយជាង១ពាន់លានដុល្លារ ពីការនាំចេញម្រេច ក្នុងពេល៨ខែ
ហាណូយ ៖ វៀតណាមបានកើបលុយ ១.១២ពាន់លានដុល្លារអាមេរិក ពីការនាំចេញម្រេច ក្នុងពេល៨ខែដំបូង នៃឆ្នាំ២០២៥ មានកើនឡើង ២៨ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយជាកំណើនខ្ពស់បំផុត មិនធ្លាប់មាន ក្នុងពេល ៧ឆ្នាំ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VN Express នៅថ្ងៃទី៩ ខែកញ្ញា នេះ។
សមាគមសមាគមម្រេច និងគ្រឿងទេស វៀតណាម ហៅកាត់ VPSA បាននិយាយថា មូលហេតុនៃការកើនឡើងនេះ គឺ ដោយសារតែតម្រូវការសកល មានស្ថិរភាព ហើយ ការផ្គត់ផ្គង់ម្រេចលើពិភពលោកដ៏តឹងតែង ជាឱកាស សម្រាប់វៀតណាម រក្សាតម្លៃនាំចេញ។
ប្រភពអះអាងទៀតថា ត្រឹមតែសីហា ប្រទេសវៀតណាម ទទួលបានចំណូល ជិត ១៥០លានដុល្លារ ពីការនាំចេញម្រេច កើនទាំងតម្លៃ និងបរិមាណនាំចេញ។
ក្នុងពេល៨ខែ មកនេះ តម្លៃនាំចេញ ជាមធ្យម ឈានដល់ ៦,៦៦៦ ដុល្លារក្នុងមួយតោន សម្រាប់ម្រេចខ្មៅ កើនឡើង ៤១,៥ ភាគរយ និង ៨,៧៣២ ដុល្លារ ក្នុងមួយតោន សម្រាប់ម្រេច ស កើនឡើង ៣៨ ភាគរយ ធៀបនឹងឆ្នាំមុន។
សហរដ្ឋអាមេរិកនៅតែជាអ្នកទិញម្រេច វៀតណាម ធំជាងគេ។ បន្ទាប់មក គឺ ចិន , អេមីរ៉ាត់ អារ៉ាប់រួម និង ឥណ្ឌា។
អ្នកជំនាញខាងឧស្សាហកម្មម្រេចរំពឹងថា ការផ្គត់ផ្គង់មានកម្រិត នឹងបន្តរក្សាតម្លៃខ្ពស់ ក្នុងរពេលខាងមុខ ជាពិសេស ដោយសារ ក្រុមហ៊ុនវៀតណាមមានគម្រោង កាត់បន្ថយការនាំចូលម្រេចឆៅ ពីខាងក្រៅ ដើម្បីជំរុញការកែច្នៃ នាំចេញទៅកាន់សហរដ្ឋអាមេរិក ចំពេលដែលទំនិញឆ្លងកាត់ វៀតណាម ទៅអាមេរិក ត្រូវជាប់ពន្ធ ៤០%៕
ប្រភពពី VN Express ប្រែសម្រួល៖ សារ៉ាត