រុស្ស៊ីចោទហ្វាំងឡង់ត្រៀមធ្វើសង្គ្រាមប្រឆាំងខ្លួន

មូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចោទប្រកាន់ប្រទេសហ្វាំងឡង់ចំៗថា កំពុងត្រៀមខ្លួនធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយលោកថែមទាំងបានទាមទារជាថ្មី សម្រាប់សំណងកាលពីសង្គ្រាមលោកលើកទី២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DPA News កាលពីថ្ងៃចន្ទ។

លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ថា បន្ទាប់ពីចូលជាសមាជិកអង្គការណាតូ ហ្វាំងឡង់កំពុងរៀបចំសេណារីយ៉ូប្រឈមមុខដាក់គ្នា ដើម្បីត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយយកលេសការពារខ្លួន ប៉ុន្តែជាក់ស្តែងកំពុងរៀបចំកាណុងកាំភ្លើងវាយប្រហារមកលើយើង។

លោក Medvedev បានលើកឡើងថា រចនាសម្ព័ន្ធសម្រាប់អង្គភាពកងទ័ពកំពុងត្រូវបានបង្កើតឡើងនៅ Lapland ជាតំបន់ជាប់ព្រំដែនរុស្ស៊ី។ លោកសួរថាតើរចនាសម្ព័ន្ធទាំងនេះ បង្កើតឡើងប្រឆាំងនឹងអ្នកណា បើអង្គការណាតូបានប្រកាសក្តែងៗចាត់ទុករុស្ស៊ីជាសត្រូវ។ លោកថា គោលលទ្ធិថ្មីរបស់ហ្វាំងឡង់បង្ហាញពីភាពល្ងង់ខ្លៅ និងការភូតកុហក។

ក្រៅពីរិះគន់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធយោធា លោក Medvedev ក៏បានបន្តទាមទារសំណងពីមុនពីហ្វាំងឡង់ផងដែរ ដោយលោកអះអាងថា ការខូចខាតបង្កឡើងពីហ្វាំងឡង់អំឡុងសង្គ្រាមលោកលើកទី ២ មានចំនួន ២៤៤ ពាន់លានដុល្លារ។ លោក Medvedev ចង់សំដៅដល់រឿងហ្វាំងឡង់បានចូលរួមក្នុងសង្រ្គាមប្រឆាំងនឹងសហភាពសូវៀតជាមួយអាល្លឺម៉ង់ក្រោមរបបដឹកនាំរបស់ហ៊ីត្លែរនៅឆ្នាំ ១៩៤១។

ភ្លាមៗ ប្រទេសហ្វាំងឡង់នៅពុំទាន់ធ្វើការអត្ថាធិប្បាយ ចំពោះការលើកឡើងរបស់ភាគីរុស្ស៊ីនៅឡើយទេ។ ហ្វាំងឡង់ដែលជាប្រទេសអព្យាក្រឹតអស់រយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានចូលជាសមាជិកអង្គការណាតូរួមជាមួយស៊ុយអែត បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមសង្គ្រាមពេញលេញនៅអ៊ុយក្រែន៕

ប្រភព ៖ DPA News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner