អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ គុណភាពខ្យល់នៅកម្ពុជាគឺ «ល្អណាស់»
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍ មានន័យថាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកញ្ញា កន្លងមកនេះ គុណភាពខ្យល់ក្នុងបរិយាកាស នៅកម្ពុជានៅទូទាំងប្រទេស មានកំហាប់ភាគល្អិតនិចល PM 2.5 បានប្រែប្រួលតាមថ្ងៃ ក្នុងចន្លោះពី ៤,៦០ ដល់៦,៩៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m3)។
មានន័យថាកម្ពុជាមានគុណភាពខ្យល់ គឺនៅតែ«ល្អណាស់» ក្រោមបន្ទាត់ក្រហមនៃខ្យល់ពុលឆ្ងាយណាស់ ធៀបនឹងស្តង់ដារជាតិ ដែលកំណត់គឺ ៥០ µg/m3។ ដោយឡែក ស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.១៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
សូមបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធនាការដើម្បីភាពស្អាតផ្ទៃមេឃ ដែលជាផ្នែកមួយដែលបានដាក់ចេញក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងយុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ» ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ ស្វ័យប្រវត្តិនៅទូទាំងរាជធានី ខេត្តចំនួន ៥៩ទីតាំង រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៣គ្រឿង និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ពីផ្កាយរណប ចំនួន១គ្រឿង។ ទិន្នន័យទទួលបានពីឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយ ជូនសាធារណៈបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លើសពីនេះសាធារណជន អាចតាមដានគុណភាពខ្យល់ប្រចាំថ្ងៃ របស់កម្ពុជាតាមរយៈ វេបសាយ(Website): airquality.moe.com.kh, ផេកហ្វេសប៊ុក (Facebook): Ministry of Environment, ប្រព័ន្ធ APPចក្រា: CGS SPA បន្ទាប់មកសាធារណជនអាចចូលទៅប្រអប់«គុណភាពខ្យល់» លោកអ្នកអាចចុញលើទីតាំងណាមួយលើផែនទីកម្ពុជា ដែលបានបង្ហាញដោយសញ្ញាសម្គាល់៕
ដោយ៖ង៉ាន់ ទិត្យ




