វីតាល់ បន្តឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់របស់មន្ទីរពេទ្យកុមារអង្គរឆ្នាំ២០២៥ ខេត្តសៀមរាប
ខេត្តសៀមរាប៖ វីតាល់បានបន្តសហការឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប។

វីតាល់ មានសេចក្តីសោមនស្សរីករាយក្នុងការបន្តចូលរួមចំណែកជាដៃគូឧបត្ថម្ភធំ នៃព្រឹត្តិការណ៍ជិះកង់ វីតាល២០២៥ ដើម្បីបរិច្ចាគ និងទ្រទ្រង់ ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងបេសកកម្មផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃទៅកាន់កុមារកម្ពុជារាប់លាននាក់ទូទាំងប្រទេស។
ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំ២០២៥នេះ ទទួលបានការចូលរួម យ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជន អ្នកចូលចិត្តកីឡាជិះកង់ប្រមាណជាង ១.១០០នាក់ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតីតែមួយប្រកបដោយក្តីករុណាចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។

លោក មាស ថុង ប្រធានជាន់ខ្ពស់ពាណិជ្ជកម្ម ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «វីតាល់ ពិតជាមោទនភាពជាផលិតផលខ្មែរ ដែលជានិច្ចកាលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៥ឆ្នាំរួចមកហើយ។
គោលបំណងចម្បងដែលជម្រុញឱ្យ វីតាល់ បន្តការចូលរួមសហការ និងឧបត្ថម្ភ ដល់ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារជាសកម្ម មកដល់ព្រឹត្តិការណ៍ឆ្នាំទី១១នេះ គឺក្រោមបុព្វហេតុតែមួយគត់នោះគឺ “កុមារកម្ពុជា”។

ព្រោះវីតាល់ជឿជាក់ថាវិភាគទានដែលយើងបានចូលរួមប្រមាណ ៨០លានរៀលតាមរយៈការឧបត្ថម្ភនេះ គឺបានចូលរួមចំណែកយ៉ាងធំធេងដល់ប្រតិបត្តិការមន្ទីរពេទ្យ ក្នុងការបន្តនិរន្តភាពនៃការសង្គ្រោះព្យាបាល ផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់កុមារ ក៏ដូចជាអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព។

លោកបានបន្តទៀត ការចូលរួមឧបត្ថម្ភថ្ងៃនេះគឺអាចកើតឡើងបានក៏ដោយមានការគាំទ្រ ពីសំណាក់ដៃគូអាជីវកម្ម និងអតិថិជន ដែលនិយមប្រើប្រាស់វីតាល់ តាមរយៈ “ មូលនិធិ ២ ៥ រៀល” គឺ មានន័យ ថា អតិថិជន បាន បរិច្ចាគ ប្រាក់ ២ ៥រៀល ជូន មូលនិធិ រាល់ ការពិសា ទឹក វី តា ល់ ១ ដប។ វីតាល់បានប្រើប្រាស់មូលធននេះជាលទ្ធភាពមកឧបត្ថម្ភ បានជាប្រយោជន៍ដល់ការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។»

លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា៖ «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំ ព្រឹត្តិការណ៍ជិះកង់ រៃអង្គាសប្រាក់ ប្រចាំឆ្នាំ គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ ។
លោកជំទាវបន្តទៀតថា ការចូលរួមរបស់វិស័យឯកជនតួយ៉ាង ដូចជា វីតាល់ ពិតជាកម្លាំងចលករដ៏សំខាន់ ដែលចូលរួមចំណែកនៃកត្តាសំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរហូតដល់១១ឆ្នាំ។

ការចូលរួមពីសំណាក់ប្រជាពលរដ្ឋតាមរយៈការជាវសំបុត្រជិះកង់ និងការបរិច្ចាគជាវិភាគទាននេះសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារនៅខេត្តសៀមរាប និងកុមារទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍសង្គម និងជាទំពាំងស្នងឫស្សីរបស់កម្ពុជា”។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែងរកថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាបផងដែល។

វីតាល់ ក្នុងនាមជាផលិតផលជាតិ និងស្មារតីខ្មែរតែមួយក៏សូមអំពាវនាវដល់វិស័យឯកជន សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទានដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព។ វីតាល់ មោទនភាពផលិតផលជាតិ៕













