អភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា លើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព

(ភ្នំពេញ)៖ «ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការឆ្លើយតបសំខាន់ ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងអនុវត្តផង និងការបោះជំហានទៅរកភាពស្អាត ភាពបៃតង ឱ្យកាន់តែល្អប្រសើរ ដែលអាចឱ្យយើងរួមគ្នា សម្រេចបានចីរភាពតរៀងទៅ» ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ នៅក្នុងឱកាសបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីភាពកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២៥ នៅនៅរាជធានីភ្នំពេញ។

វេទិកានេះ រៀបចំឡើងដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) បានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងសហគមន៍ ភ្ញៀវជាតិនិងអន្តរជាតិជាច្រើ់ននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា វេទិកាថ្ងៃនេះ បានបង្កើតភាពជាដៃគូបន្ថែមទៀត ក្នុងការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើតគំរូការងារប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំរុញការបណ្តុះ ចែកកូនឈើ ការដាំស្តារព្រៃឈើ ដើម្បីបង្កើនភាពបៃតង ការរលើកកម្ពស់ជីវភាពសហគមន៍ ក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកោតសរសើរ ចំពោះការចូលរួម និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសពី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន នាពេលកន្លងមក ក្នុងនោះភាពស្អាត បានចាប់ផ្តើមពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន សង្កត់ធ្ងន់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ការគាំទ្រឱ្យដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ បី គឺ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយមានបេសសកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅសំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឱ្យមានបទបង្ហាញ និងការចូលរួមពិភាក្សាគ្នាលើអាទិភាពសំខាន់ចំនួន ៣៖ ទី១) វិស័យកសិម្មក្នុងបរិបទសេដ្ឋកិច្ចចក្រា៖ ការចែករំលែកបទពិសោធ និងគំនិតច្នៃប្រឌិតនៃការកែច្នៃសំណល់កសិកម្មទៅជាគុណតម្លៃបន្ថែមសម្រាប់ កាសសេដ្ឋកិច្ច ដូចជាតាមរយៈការកែច្នៃសំណល់កសិកម្មទៅជាជីវឥន្ធនៈ ឬជីវម៉ាស ការគិតគូរអំពីការប្រែប្រួលអាកាសធាតុដែលបញ្ចេញពីវិស័យកសិកម្ម និងគិតគូរអំពីខ្សែសង្វាក់ផលិតកម្មដែលអាចកាត់បន្ថយសំណល់កសិកម្ម សំណល់ប្លាស្ទិកកសិកម្ម ឬបម្លែងទៅជាគុណតម្លៃផ្សេងៗ ។ ទី២) គោលនយោបាយ ការអនុវត្តផែនការគ្រប់គ្រងសំណល់រឹងតាមបែបសេដ្ឋកិច្ចចក្រា៖ ជំរុញការអនុវត្តអាទិភាព និងសរសរស្តម្ភដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ – ២០២៨ គឺ ភាពស្អាត ភាពបៃតង និងនិរន្តរភាព។ និងទី៣) ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងយេនឌ័រ៖ ការគិតគូរវិស័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងនឹងត្រូវបានបញ្ជ្រាប ទៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យពាក់ព័ន្ធ និងមានទំនាក់ទំនងគ្នា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner