UN កៀរគរ ១៤០លានដុល្លារ ប្រគល់ឲ្យជនរងគ្រោះរញ្ជួយដី នៅអាហ្វហ្គានីស្ថាន

កាប៊ុល ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃទី៩ ខែកញ្ញា បានប្រកាសកៀរគរ ជំនួយ ១៤០លានដុល្លារ ដើម្បីយកទៅប្រគល់ជូន ជនរងគ្រោះ ពីការរញ្ជួយដី នៅប្រទេសអាហ្វហ្គានីស្ថាន ហើយ បានស្នើម្ចាស់ជំនួយ ទុកបញ្ហានយោបាយ មួយឡែកសិន។

ការប្រកាសប្រមូលនេះ បានធ្វើឡើង បន្ទាប់ពី UN រកឃើញថា មនុស្សប្រមាណកន្លះលាននាក់ បានរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ មួយនេះ ដែលបានវាយប្រហារអាហ្វហ្គានីស្ថាន កាលីយប់ថ្ងៃទី៣១ ខែសីហា ឆ្លងចូលថ្ងៃទី១ ខែកញ្ញា សម្លាប់មនុស្ស ជាង២,២០០នាក់ មកដល់បច្ចុប្បន្ន។ ក្រៅពីនេះ
គ្រោះរញ្ជួយដី បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានកន្លែងជ្រកកោន ស្របពេលដែលអ្នកខ្លះភ័យខ្លាច អំពីការបាក់ដី ថែមទៀត។

មន្រ្តីសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ប្រចាំអាហ្វហ្កានីស្ថាន លោក Indrika Ratwatte បាននិយាយ អាកាសធាតុត្រជាក់ខ្លាំង ប៉ុន្មានសប្តាហ៍ខាងមុខ ដែលនឹងបង្កើនលក្ខខណ្ឌកាន់តែលំបាក សម្រាប់ជនរងគ្រោះ នៅតាមតំបន់ភ្នំដាច់ស្រយាល។ លោក អះអាងថា នេះជាពេលវេលាដ៏សំខាន់បំផុត ដែលសហគមន៍អន្តរជាតិ ត្រូវចូលរួមបង្ហាញសាមគ្គីភាព ជាមួយប្រជាជន នៃប្រទេសមួយ ដែលបានរងទុក្ខខ្លាំងរួចស្រេចទៅហើយ។

ជាមួយគ្នានេះ UN បានទទូចឱ្យម្ចាស់ជំនួយទាំងឡាយ ទុកបញ្ហានយោយបាយមួយឡែកសិន ពោលគឺ ពាក់ព័ន្ធទៅនឹងអាជ្ញាធរតាលីបង់ ដែលកំពុងគ្រប់គ្រង់ប្រទេសអាហ្វហ្គានីស្ថាន។

គួរកត់សម្គាល់ថា ថវិកាជំនួយធ្លាក់ចុះប្រមាណ ៣៥ភាគរយ តាំងពីឆ្នាំមុន ដោយសារតែការកាត់បន្ថយមូលនិធិពីម្ចាស់ជំនួយធំៗ រួមមាន ទាំងសហរដ្ឋអាមេរិក ជាដើម ព្រោះតែ ប្រទេសទាំងនោះ មិនពេញចិត្តនឹងការដាក់នាំ របស់រដ្ឋាភិបាល តាលីបង់ ជុំវិញ គោលនយោបាយ រឹតបន្តឹងខ្លាំង ចំពោះស្រ្តី និងក្មេងស្រី ជាដើម៕

ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner