សិប្បកម្មកែច្នៃត្រីនៅកម្ពុជា បង្ហាញសក្តានុពល នៃការនាំចេញទៅក្រៅប្រទេស និងពង្រីកបន្ថែមការលក់ក្នុងស្រុកស្របពេលកំណើនកាន់តែខ្ពស់

(សៀមរាប)៖ ឈានមកដល់ឆ្នាំ២០២៥នេះសិប្បកម្មកែច្នៃផលិតផលត្រីនៅកម្ពុជា បានបង្ហាញពីសក្តានុពលចេះតែមានកំណើន នៃ តម្រូវការត្រីដែលមានគុណភាពខ្ពស់សម្រាប់ការលក់លើទីផ្សារដែលក្នុងនេះមិនត្រឹមតែការលក់ក្នុងស្រុកទេ តែបច្ចុប្បន្នតម្រូវការនាំចេញទៅក្រៅប្រទេសពិសេសប៉ែកអឺរ៉ុបចេះតែមានកំណើនបន្តបន្ទាប់ ។

បញ្ចេញឱ្យដឹងក្នុងដំណើរទស្សនកិច្ច សិក្សា និងផ្សព្វផ្សាយលើកទី៣អំពីសហគ្រាសជលផលក្រោយប្រមូលផល នាថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៥ សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ដែលមានទីតាំងស្ថិតនៅភូមិ បុស្បក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរាប បានឱ្យដឹងពីតម្រូវការកើនឡើងក្នុងទីផ្សារអន្តរជាតិ រួមមានប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិក និងទីផ្សារដែលមានសក្តានុពលនៅ ប្រទេសបារាំង សិប្បកម្មបាននឹងធ្វើការពង្រីកទីតាំងផលិត និង បរិក្ខារកែច្នៃថ្មីរបស់ខ្លួនរួមទាំការអនុវត្តវិញ្ញាបនបត្រ HACCP ដើម្បី ផ្តោតលើទីផ្សារនាំចេញ ។

លោក ស៊ឹម ឈុនលុយ អ្នកគ្រប់គ្រងសិប្បកម្មកែច្នៃត្រី សាន់ នីហ្វីស បានឱ្យដឹងថា ៖ តាមរយៈបទពិសោធន៍នោះគឺ សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ក្នុងការផលិតផលត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និង ផលិតផលផ្កាប់ពីត្រី ដែលមានគុណភាពខ្ពស់។ សិប្បកម្មនេះបាន បំពេញតម្រូវការទាំងបរិមាណ ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និង គុណភាពយ៉ាងតឹងរឹងសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិជា ពិសេសប្រទេសអូស្ត្រាលី។

លោកថាផលិតផលចម្បងៗផលិតផលសំខាន់ៗរួមមាន ត្រីបង្កក ត្រីឆ្អើរ ត្រីងៀត ប្រហុក និងផ្អក រៀបចំបំពេញតាមស្តង់ដារអន្តរជាតិស្តីពីសុវត្ថិភាពម្ហូបអាហាររួមមាន វិញ្ញាបនបត្រ HACCP។

សហគ្រាសមានផែនការបង្កើនការលក់ប្រចាំឆ្នាំរួមទាំងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិចន្លោះពី ៣៨-៤០ តោន ក្នុងមួយឆ្នាំ។ ដោយការទទួលបានវិញ្ញាបនបត្រ HACCP សិប្បកម្មរំពឹងថាអាចលក់ផលិតផលទាំងនេះដោយមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារ បច្ចុប្បន្នប្រហែល ១០ភាគរយបន្ថែមទៀត។

ជាមួយគ្នានេះអ្នកស្រី ស៊ឹម សិរីរត្ន ម្ចាស់សិប្បកម្ម សាន់នី ហ្វីស បានឱ្យដឹងដែរថា តម្រូវការទីផ្សារនៅប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតមានការកើនឡើងខ្ពស់ដោយ ក្នុងនោះនាពេលកន្លងមក ទីផ្សារនៅប្រទេសអូស្ត្រាលីបានកម្មង់តែមួយទូកុងតឹន័រក្នុងរយៈពេល ១ឆ្នាំ ប៉ុន្តែពេលនេះ បានកម្មង់ចំនួន ៤ទូកុងតឺន័រ ហើយក្នុងមួយទូមានទម្ងន់ប្រមាណ ៨តោន។

លោក ឃួន អេវីរ៉ាត លេខាទីមួយ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់ប្រាប់ថា សហភាពអឺរ៉ុបគាំទ្រដល់សហគ្រាសនេះ ក្នុងការអនុវត្ត និងទទួលបានវិញ្ញាបនបត្រ HACCP ដោយសាររាល់ផលិតផលម្ហូបអាហារដែលមានការបញ្ជាក់ពីវិញ្ញាបនបត្រនេះ ទើបអនុញ្ញាតឱ្យចូលទីផ្សារសហភាពអឺរ៉ុបបាន ។ ព្រមជាមួយគ្នានេះវិញ្ញាបនបត្រ HACCPនេះ គឺសំខាន់មែនទែន ព្រោះថា បើសិនជាយើងចង់នាំចេញផលិតផលទៅកាន់ទីផ្សារអឺរ៉ុបនោះ ។

គួរបញ្ជាក់ថា ៖ សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ផ្តោតយកចិត្តទុកដាក់ជាចម្បងលើស្តង់ដារសុវត្ថិភាពម្ហូប អាហារ បង្កើនប្រសិទ្ធិភាពផលិតកម្ម ប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងបរិក្ខារបែបឧស្សាហកម្ម ពង្រីកចំណែកទីផ្សារក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ចូលទីផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner