ម៉ាឡេស៊ីចោទអ៊ីស្រាអែលរំលោភច្បាប់អន្តរជាតិ ក្រោយវាយប្រហារលើកាតា
គូឡាឡាំពួរ ៖ មេដឹកនាំម៉ាឡេស៊ីប្រកាសថ្កោលទោសយ៉ាងខ្លាំងបំផុត និង ចង្អុលមុខអ៊ីស្រាអែលចំៗថាបានរំលោភច្បាប់អន្តរជាតិ បន្ទាប់ពីបានវាយប្រហារលើទីក្រុងដូហា ដែលជាបេះដូងរបស់ប្រទេសកាតា ដោយយកលេសតាមប្រមាញ់ក្រុមហាម៉ាស់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១០ ខែកញ្ញា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានសង្កត់ធ្ងន់ថា សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលនេះ គឺជាការរំលោភយ៉ាងខ្លាំងលើអធិបតេយ្យភាពរបស់ប្រទេសកាតា និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោកនាយករដ្ឋមន្រ្តី Anwar បានសរសេរសារបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃនេះថា ការវាយប្រហារនេះ បង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលដោយឥតប្រុងប្រយ័ត្ន… វាយប្រហារចំបេះដូងនៃរដ្ឋធានីអធិបតេយ្យ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ដែលផុយស្រួយស្រាប់ទៅហើយ។
មេដឹកនាំម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ដោយកំណត់គោលដៅវាយប្រហារលើកាតា ដែលជាប្រទេសអាជ្ញាកណ្តាលជួយសម្រុះសម្រួល និងស្វែងរកកិច្ចសន្ទនាបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា អ៊ីស្រាអែលបានបង្ហាញពីការមើលងាយទាំងស្រុងចំពោះសន្តិភាព និងការទូត។ ការវាយប្រហារបែបនេះ គឺជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានឡើយ។
នាយករដ្ឋមន្រ្តីវ័យ ៧៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ទៀតថា ម៉ាឡេស៊ីនឹងឈរក្នុងស្មារតីសាមគ្គីភាពពេញលេញជាមួយកាតា ហើយអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាប់អ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការឈ្លានពានដ៏ឃោរឃៅនេះ។
ប្រតិកម្មខ្លាំងៗរបស់លោកនាយករដ្ឋមន្រ្តី Anwar កើតឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកាតា (QNA) បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកាតាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើអ្នកចរចារបស់ក្រុមហាម៉ាសនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ដោយបានសម្លាប់សមាជិកយ៉ាងហោចណាស់ ៥នាក់នៃក្រុមហាម៉ាស់។
ទន្ទឹមគ្នា រដ្ឋាភិបាលកាតាបានហៅការវាយប្រហារនេះថា ជាការបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ ពិសេសគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនកាតា។ គិតមកទល់ពេលនេះ ខាងភាគីអ៊ីស្រាអែលនៅពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងក្រុមហាម៉ាស់នៅលើទឹកដីប្រទេសកាតានៅឡើយទេ៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

