ចិនទទូចឱ្យអាមេរិករួមគ្នាកសាងសន្តិភាពពិភពលោក
ប៉េកាំង ៖ ប្រមុខការទូតកំពូលចិន នៅថ្ងៃពុធ បាននិយាយថា ក្នុងយុគសម័យថ្មីនេះ ចិន និងអាមេរិកគួរតែធ្វើការរួមគ្នា ដើម្បីកសាងសន្តិភាព និងវិបុលភាពពិភពលោក ពិសេសដោះស្រាយបញ្ហាប្រឈមនានាជាសកល និងបង្កើនការទទួលខុសត្រូវក្នុងនាមជាប្រទេសមហាអំណាចពិភពលោក។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងថា ចិន-អាមេរិកធ្លាប់ប្រកៀកស្មារគ្នាប្រយុទ្ធជាមួយគ្នាអំឡុងសង្គ្រាមលោកលើកទី២ ដើម្បីកម្ចាត់លទ្ធិយោធានិយម និងពួកហ្វាស៊ីសនិយម ដូច្នេះនៅក្នុងយុគសម័យថ្មីនេះ ភាគីទាំងពីរគួរតែធ្វើការរួមគ្នា សំដៅកសាងសន្តិភាព និងវិបុលភាពពិភពលោក។
លោក Wang បន្តថា ដើម្បីធានាថា ទំនាក់ទំនងចិន-អាមេរិកឆ្ពោះទៅមុខជាមួយគ្នាឥតងាករេ ចាំបាច់ត្រូវជៀសវាងការប្រើវោហាសាស្រ្ត និង ទង្វើអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន ពិសេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
ប្រមុខការទូតចិនរូបនេះ ក៏បានជំរុញឲ្យអាមេរិកអនុវត្តនូវការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ជាពិសេសលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ដូចជាបញ្ហាតៃវ៉ាន់ជាដើម។
លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់បែបនេះ អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
