កម្ពុជាមានទំនិញសម្គាល់ភូមិសាស្រ្ត៨ម៉ាកបានចូលរួមចំណែកក្នុងការជួយលើកស្ទួយ​​សេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកឡើងថា បច្ចុប្បន្ន ម៉ាកសម្គាល់ភូមិ​សាស្ត្រ​ទំនិញរបស់កម្ពុជាមានចំនួន ៨ម៉ាក រួមមាន៖ ១- ម្រេចកំពត ២- ស្ករត្នោត​កំពង់​ស្ពឺ ៣- ក្រូចថ្លុងកោះទ្រង់ ៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥- អំបិលកំពតកែប ៦- ទឹកត្រីកំពតកែប ៧- បង្កងតាកែវ និង៨- ប្រហុកសៀមរាប ដោយបានផ្តល់ឱ្យ​កសិ​ករ​នូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តន៍ផលិតផល និង​ប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ទទួលតម្លៃ​បន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយ​សេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។

នេះជាការលើកឡើងពី ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅ អត្ថប្រ​យោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្រ​ទំនិញ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល​ពាណិជ្ជ​កម្មនិងស្រាវជ្រាវ នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្តសៀមរាប ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្ត និងមន្រ្តីពីមន្ទីរពាណិជ្ជកម្មទាំង ២៥ ខេត្តក្រុង និស្សិតតាមសាកលវិទ្យាល័យនានា ជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថា កសិករ​ផលិត ផ្ទៃដីដាំដុះម្រេច ចំនួនដើមត្នោត និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការ​កើនឡើងគួរឱ្យកត់សម្គាល់ និងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ និងបាន​នាំចេញ​ទៅកាន់  បណ្តាប្រទេសនានាជាច្រើន។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងអំបិលកំពតកែប ដែលបានចុះបញ្ជីការពារនៅអន្តរជាតិ និងអំបិលកំពតកែប (កំពុងបន្តនីតិវិធីចុះបញ្ជី​នៅ​សហភាពអឺរ៉ុប) បានទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា នៅអន្តរជាតិឱ្យមានភាពល្បីល្បាញឱ្យក្លាយជាគោលដៅទេសចរណ៍។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបាននិង​កំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ស្វាយចន្ទីកំពង់ធំ” និង “ស្វាយកែវរមៀត​ឧត្តរមានជ័យ” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមគម្រោងភាពជាដៃគូររវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាព​ប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (គម្រោង គជ់ ឬ Pearl) និងគំនិត​ផ្តួចផ្តើមប្រទេសមួយផលិតផលអាទិភាពមួយ (OCOP) និងបាននិងកំពុងសហការ​​ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បីរៀបចំកសាងកេរ្តិ៍ឈ្មោះ និង​ចុះបញ្ជី “ក្តាមថ្មកោះកុង” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner