ប្រជាពលរដ្ឋឃុំត្រពាំងប្ញស្សី មានផ្លូវកៅស៊ូក្រាលជំនួសផ្លូវដី

កំពង់ធំ​៖កំណាត់ផ្លូវតភ្ជាប់ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំប្រវែង​ជិត១០គីឡូម៉ែត្រ កំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូ DBST។កំណាត់ផ្លូវនឹងរួមចំណែកកែប្រែមុខមាត់តំបន់ជនបទ
មួយនេះជាបណ្ដើរ ខណៈសកម្មភាពចរាចរនៅទីនេះកាន់មមាញឹក។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងសហការីកាលពីថ្ងៃទី១០ ខែកញ្ញា បានអញ្ជើញចុះពិនិត្យការដ្ឋានសាង​សង់ផ្លូវក្រាលកៅស៊ូ ប្រវែងជិត១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។

តាមការបញ្ជាក់របស់លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយឱ្យដឹងថា ការសាងសង់ផ្លូវនេះទទួលបាន​ការគាំទ្រ​ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត។ គម្រោងនេះនឹងជួយកាត់បន្ថយថ្លៃចំណាយដំណើររបស់ប្រជាពលរដ្ឋ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម ការសិក្សារបស់សិស្សានុសិស្ស និងមុខរបរកសិកម្មជាច្រើនទៀត

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ពិសេសផ្លូវ ដែលជាសរសៃ​ឈាមសេដ្ឋកិច្ច។ឯកឧត្តមក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរួមគ្នាថែរក្សាផ្លូវនេះ និងជួយដាំ​ដើមឈើអមសងខាងផ្លូវ ដើម្បីបន្ថែមសោភណភាព៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner