អ៊ីស្រាអែលទម្លាក់គ្រាប់សម្លាប់មនុស្ស៣៥នាក់ នៅប្រទេសយេម៉ែន

សាណា ៖ ប្រទេស អ៊ីស្រាអែល បានទម្លាក់គ្រាប់ តាមអាកាស លើប្រទេសយេម៉ែន ដែលកាន់កាប់ដោយពួកឧទ្ទាម ហ៊ូធី បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៣៥នាក់ និង របួសជាង១៣០នាក់ ផ្សេងទៀត កាលពីថ្ងៃទី១០ ខែកញ្ញា។

ក្រុមឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានអះអាងថា ការវាយប្រហារចុងក្រោយនេះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រី របស់ក្រុមប្រដាប់អាវុធ មួយនេះ និង សមាជិកគណៈរដ្ឋមន្ត្រី ពាក់កណ្តាល បានស្លាប់ នៅក្នុងការវាយប្រហារដ៏ធំមួយ បង្កឡើងដោយអ៊ីស្រាអែល ផងដែរ។

អ៊ីស្រាអែល បានបើកការវាយប្រហារ ម្តងហើយម្តងទៀត លើគោលដៅក្រុមហ៊ូធី ក្នុងអំឡុងសង្គ្រាម នៅតំបន់ហ្គាហ្សា ខណៈដែលក្រុមនេះ តែងបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក វាយប្រហារលើការដឹកជញ្ជូនរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម ដើម្បីអះអាងអំពីសាមគ្គីភាព ជាមួយបុព្វហេតុ ប៉ាឡេស្ទីន។

អ្នកនាំពាក្យ ក្រសួងសុខាភិបាល របស់ក្រុមហ៊ូធី លោក Anees Alasbahi បានបង្ហោះ នៅលើបណ្តាញសង្គម X ដោយអះអាងថា ចំនួនអ្នកស្លាប់ រួមមាន ២៨ នាក់ និងរបួស១១៣នាក់ នៅក្នុងទីក្រុងសាណា ហើយមនុស្ស ៧នាក់ បានស្លាប់ និង ១៨ នាក់ទៀត រងរបួស នៅក្នុងទីក្រុង Jawf ដែលមានព្រំប្រទល់ ជាប់ប្រទេស អារ៉ាប៊ី សាអូឌីត។

នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារទីតាំង របស់ក្រុមឧទ្ទាម Huthi រួមមាន មូលដ្ឋាន និង ទីតាំងផ្សេងៗទៀត។

លោក Benjamin Netanyahu បន្ថែមទៀត ដោយបានសង្កត់ធ្ងន់ថា «យើងនឹងបន្តធ្វើការវាយប្រហារអ្នកណា ក៏ដោយ ដែលវាយប្រហារ មកលើយើង ហើយ យើងនឹងកំចាត់ពួកគេ ទាំងអស់»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner