ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវត្តីរាជវារាម

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និង លោកជំទាវ ប៉ាន់ ត្រាប្រណី រួមទាំងអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ ។ អញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះគ្រូសូត្រស្តាំ និងថេរានុថេរគ្រប់ព្រះអង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម ព្រមសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក ។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ ដែលបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង ៧សណ្តានរួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទបានប្រគេនយាគូដល់ព្រះសង្ឃ ៤៤៧អង្គ និង នមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង និងបានចែកទានដល់លោកតាអាចារ្យ យាយជី តាជី ចំនួន ៣០រូប និងសិស្ស-និស្សិតចំនួន ២០រូប ។ ពិធីបុណ្យកាន់បិណ្ឌនេះ ធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធមន្ត្រីរាជការ គយនិងរដ្ឋាករដែលបានចែកឋានទៅកាន់បរលោក និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែល បានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិមុខ ព្រមទាំងញាតិទាំង៧សណ្តាន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner