បរិស្ថានរស់នៅប្រកបអនាម័យ ជាមួយការប្រើទឹកស្អាតជាមូលដ្ឋានចាំបាច់មួយក្នុងការអភិវឌ្ឍជនបទ

(ខេត្តបន្ទាយមានជ័យ )៖ បរិស្ថានរស់នៅប្រកបអនាម័យ ជាមួយការប្រើទឹកស្អាតជាមូលដ្ឋានចាំបាច់មួយក្នុងការអភិវឌ្ឍជនបទ ត្រូវបានបានកំណត់ទិសដៅអនុវត្តបន្ត ដោយកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥របស់មន្ទីរអភិវឌ្ឍជនបទខេត្ត បន្ទាយមានជ័យ។

លោក ជា យុទ្ធារុន ប្រធានមន្ទីរ អភិវឌ្ឍជនបទខេត្ត បានលើកឡើង
នាថ្ងៃទី១១ ខែសីហាឆ្នាំនេះថា ជារួម ការងារជួសជុល កសាងបណ្ដាញផ្លូវលំរបាយគ្រួស ផ្លូវបេតុង និងផ្លូវកៅស៊ូ ស្ពានបេតុងបានជាង ៧៧ភាគរយនោះ យើងក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភនិងផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋសហគមន៍ជនបទឲ្យចេះប្រើប្រាស់បន្ទប់អនាម័យ ការប្រើប្រាស់ទឹកស្អាត ការថែទាំសុខភាព ដោយបានកំណត់ជាភូមិគំរូនៅតាមសហគមន៍មូលដ្ឋាន ឃុំ សង្កាត់ ទៀតផង ។

ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍជនបទ បានឲ្យថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍជនបទត្រូវចូលរួមជាមួយអាជ្ញាធរ អនុវត្តបន្តគាំទ្រផ្គត់ផ្គង់សាងសង់បន្ទប់ទឹកអនាម័យសម្រាប់គ្រួសារក្រីក្រ ។

បន្តសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ និង ការសាងសង់អណ្តូងស្នប់ថែមទាំងការស្តារស្រះ នៅតាមសហគមមូលដ្ឋាន និងឲ្យមាបការប្រមូលវេចខ្ចប់ទុកដាក់សំរាមឬកាកសំណល់ឲ្យបានត្រឹមត្រូវងាយស្រួលដឹកយកទៅទុកនៅទីលានសំរាម ដែលនេះគឺជាការជំរុញឲ្យបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ មានអនាម័យ ជាមួយការប្រើទឹកស្អាតជាមូលដ្ឋានចាំបាច់មួយក្នុងការអភិវឌ្ឍជនបទ ។ ទន្ទឹមនេះត្រូវបន្ត ការជួសជុលថែទាំ ក៏ដូចជាការកសាងនូវបណ្ដាញផ្លូវលំជនបទឆ្លើយតបគោលដៅជាយុទ្ធសាស្ត្រអភិវឌ្ឍជនបទ របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍជនបទ ដែលអនុវត្តដោយមន្ទីរនិងអាជ្ញាធរមូលដ្ឋាន ឱ្យបានកាន់តែប្រសើរថែមទៀត ៕

ដោយ ÷ គៀន ច័ន្ទហ៊ីន

ads banner