លោកជំទាវ ឌិត នីតា នាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃកាន់បិណ្ឌវេនទី៥ នៅវត្តអូរត្រេះ ខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ រួមទាំងក្រុមការងារបានអញ្ជើញនាំយកនូវបច្ច័យ ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃក្នុងបិណ្ឌទី៥ នៅវត្តអូរត្រេះ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណដែលមានរយៈពេល ១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ។

នាឱកាសនោះ លោកជំទាវ ឌិត នីតា បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ឧទ្ទិសមហាកុសលថ្វាយដល់ព្រះបរមរតនកោដ្ឋ ដួងវិញ្ញាណក្ខន្ធញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វីរៈកងទ័ពពលីលើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី ដើម្បីជាតិមាតុភូមិទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ
គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដែលប្រជាពលរដ្ឋតែងគោរពប្រណិប័តន៍ ដើម្បីរំលឹកនិងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានចែកឋាន ទៅលោកខាងមុខ ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥ ៕








ដោយ / គ្រី សម្បត្តិ