ខែក្រោយ តៃវ៉ាន់នឹងទទួលបានយន្តហោះចម្បាំង F-16 ពីអាមេរិក

តៃប៉ិ ៖ ប្រភពយោធាបានឱ្យដឹងថា យន្តហោះចម្បាំង F-16V Block 70 ចំនួនពីរគ្រឿងដំបូង ដែលតៃវ៉ាន់បញ្ជាទិញពីអាមេរិកក្នុងចំណោម ៦៦គ្រឿង ត្រូវបានរំពឹងថា នឹងដឹកមកដល់កោះនេះ ចំថ្ងៃទិវាជាតិ Double Ten ដែលត្រូវនឹងថ្ងៃទី១០ ខែតុលាខាងមុខ។

ប្រភពបានបង្ហើបឱ្យដឹងទៀតថា ក្នុងចំណោមយន្តហោះចម្បាំង F-16V Block 70 ចំនួន ៦៦គ្រឿង ដែលតៃវ៉ាន់បានទិញពីអាមេរិកនោះ ការផលិតបានបញ្ចប់ជាលើកដំបូងកាលពីខែមីនា ហើយចាប់តាំងពីពេលនោះមក យន្តហោះចំនួន ៣គ្រឿងហើយត្រូវបានផលិតរួចរាល់ក្នុងមួយខែ។

ទោះបីជាមានរបាយការណ៍អំពីបញ្ហាម៉ាស៊ីនក៏ដោយ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយ។ ហើយបន្ទាប់ពីយន្តហោះចម្បាំងទាំងនោះដឹកមកដល់កោះតៃវ៉ាន់ ពួកវានឹងត្រូវឆ្លងកាត់ការហោះហើរសាកល្បងដោយកងទ័ពអាកាសសិន មុននឹងពួកវាក្លាយជាកម្មសិទ្ធិរបស់តៃវ៉ាន់ជាផ្លូវការ។

ឧត្តមសេនីយឯក Lee Ching-jan អគ្គសេនាធិការកងទ័ពអាកាសតៃវ៉ាន់ បាននិយាយកាលពីខែមិថុនាថា ការផ្គត់ផ្គង់យន្តហោះនឹងត្រូវបញ្ចប់តាមកាលវិភាគ។ លោក Lee បានប្រាប់សមាជិកសភាថា លោកមានសុទិដ្ឋិនិយមថា កោះតៃវ៉ាន់នឹងក្លាយជាម្ចាស់យន្តហោះចម្បាំង F-16V ចំនួន ១០គ្រឿងដំបូងនៅត្រឹមដំណាច់ឆ្នាំ ២០២៥នេះ។

គួរកត់សម្គាល់ យន្តហោះចម្បាំង F-16V Block 70 ចំនួន ៦៦គ្រឿង ត្រូវបានតៃវ៉ាន់បញ្ជាទិញពីអាមេរិក ស្ថិតក្រោមកញ្ចប់ថវិកាពិសេស សម្រាប់កម្មវិធី New Fighter Jet Procurement ក្នុងតម្លៃសរុប ៨.១៤ពាន់លានដុល្លារ។ រយៈពេលនៃការផលិតយន្តហោះ គឺចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៦៕

ប្រភព ៖ Taipei Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner