ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បន្តដាក់ចេញនូវគោលនយោបាយអភិវឌ្ឍ ប្រែក្លាយជាទីក្រុងដែលប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គល
(កែប)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានបន្តដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីឱ្យខេត្តកែបក្លាយជាទីក្រុងដែលប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គលជារៀងរហូត ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពត និងខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺដើម្បីបានដឹងពីសុខទុក្ខ, បញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រិះរកដំណោះស្រាយដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា និងឆ្លើយតបតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺការរៀបចំប្រទេសជាតិឲ្យបានល្អ ពីព្រោះមិនមានពេលវេលាណាដែលល្អជាងពេលនេះទេ ក្នុងការរៀបចំប្រទេសជាតិឲ្យមានរបៀបរៀបរយត្រឹមត្រូវ ហើយត្រូវចេះរៀនរស់ដោយខ្លួនឯង រស់នៅដោយសប្បាយចិត្តជាមួយនឹងជីវភាពល្អប្រសើរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានសុទិដ្ឋិនិយមថា តាមរយៈគោលនយោបាយអភិវឌ្ឍរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ដែលបានដាក់ចេញជាបន្តបន្ទាប់នោះ នាពេលខាងមុខខេត្តកែប នឹងក្លាយជាទីក្រុងដែលប្រជាជនរស់នៅមានជីវភាពធូរធារ និងមានសុភមង្គល ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ក្នុងអាណត្តិទី៧នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពត និងខេត្តព្រះសីហនុ នឹងធ្វើយ៉ាងណាបន្តចាត់ចែងការងារធ្វើឱ្យចំគោលដៅអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមនុស្សមានការងារធ្វើស្របតាមអ្វីដែលជាតម្រូវការរបស់សង្គមក្នុងខេត្តកែប កំពតនិងខេត្តព្រះសីហនុ ៕








ដោយ / គ្រី សម្បត្តិ