រដ្ឋមន្រ្តីប្រៃសណីយ៍៖ ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ

ភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ” ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាព​សុក្រឹត្យ ឬប្រើប្រាស់មិនចំគោលដៅ ប៉ុន្តែទិន្នន័យគឺជាប្រភពធនធានមាសសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិន​បើយើងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។

សិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ”បានប្រារព្ធ​បើកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៥​ដោយមានការ​អញ្ជើញចូលរួមពីលោកបណ្ឌិត Jung Seongho សហប្រធានមជ្ឈមណ្ឌល​សហប្រតិ​បត្តិការរដ្ឋា​ភិបាល​ឌីជីថលកូរ៉េ-កម្ពុជា (DGCC) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ និងវិស័យឯកជនប្រមាណ ១៣០រូប។

ឯកឧត្តមក្រសួងប្រៃសណីយ បានចាត់ទុកអង្គសិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះថា ជាការផ្តល់ឱកាស​ដល់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមចំណែកជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការគិតគូររៀបចំតាក់តែងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហសំដៅ​លើកកម្ពស់ការចែករំលែកទិន្នន័យឱ្យកាន់តែល្អប្រសើរ។

នៅក្នុងឆ្នាំ២០២៥ នេះមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ បានផ្តួចផ្តើម និងជំរុញ​ការ​រៀបចំសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងរៀបចំថ្នាលទិន្នន័យបើកចំហនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ទិន្នន័យរដ្ឋាភិបាលបើកចំហ ជាឧបករណ៍យ៉ាងសំខាន់សម្រាប់ដោះស្រាយបញ្ហាគោលនយោបាយ​នានាទាំង​ក្នុង​វិស័យសាធារណៈនិងវិស័យឯកជន។ ការរៀបចំឱ្យមានទិន្នន័យបើកចំហអាចធានាបានថាការទទួលបានទិន្នន័យ ទាន់ពេលវេលា មានភាពពាក់ព័ន្ធ និងមានគុណភាពខ្ពស់ ដើម្បីជំនួយដល់ការស្រាវជ្រាវផ្អែកលើទិន្នន័យ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ឆ្លើយតបនឹងបញ្ហាប្រឈមនៃសង្គម។

តាមរយៈសន្ទស្សន៍ទិន្នន័យបើកចំហ ទិន្នន័យមានប្រយោជន៍ និងទិន្នន័យអាចប្រើប្រាស់បានឡើងវិញ (Open, Useful and Re-usable data – OURdata) របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD), គម្រោងវាយតម្លៃភាពរួចរាល់នៃទិន្នន័យបើកចំហ (Open Data Readiness Assessment – ODRA) របស់ធនាគារពិភពលោកនិងករណីសិក្សារបស់សាធារណរដ្ឋកូរ៉េក្រោមការសម្របសម្រួលរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ អ្នកជំនាញការកូរ៉េកំពុងអនុវត្តគម្រោងរៀបចំថ្នាលទិន្នន័យបើកចំហនេះ តាមរយៈការស្ទង់មតិនៅតាមក្រសួង ស្ថាប័ន និងការរៀបចំសិក្ខាសាលាអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ។

ដោយឡែកសិក្ខាសាលាអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហនេះ មានគោលបំណងចំនួន បី ក្នុងនេះ៖១. ផ្សព្វផ្សាយពីសារសំខាន់នៃអភិបាលកិច្ចាទិន្នន័យនិងទិន្នន័យបើកចំហសម្រាប់ក្រសួង ស្ថាប័ន។២. ចែករំលែក​ករណីសិក្សារបស់សាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងការគ្រប់គ្រងទិន្នន័យ បច្ចេកវិទ្យាទិន្នន័យបើកចំហ និងប្រព័ន្ធ​ប្រតិបត្តិការនានានិង៣.ពិភាក្សាជាមួយក្រសួង ស្ថាប័នដើម្បីរៀបចំទស្សនាទានការរៀបចំគោលនយោបាយ​អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner