សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦ និងដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣១៩អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា
(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦ នៅរសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ និងសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈ ថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣១៩អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ។

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ។

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសូមឧទ្ទិសនូវផលានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតារបស់សម្តេចគឺ មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, មហាឧបាសក លីន គ្រី សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះបានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រេីន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ ។

សូមបញ្ជាក់ថា ទេយ្យវត្ថុជាសទ្ធាជ្រះថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនវត្តក្រពេីហា រួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ទឹកភេសជ្ជៈចំរុះ ២០កេស, ទឹកបរិសុទ្ធអារុណា ២០កេស, ទឹកដោះគោខាប់ ២កេស, កាហ្វេហ្គោរ៉ូស ១០កញ្ចប់, តែ ៥គីឡូក្រាម, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីងៀត ១២គីឡូក្រាម, សាច់ក្រក ១២គីឡូក្រាម, ផ្លែឈេី ស្រស់ ១កន្ត្រក និងបច្ច័យ ៤០លានរៀល។ ប្រគេនព្រះចៅអធិការវត្ត នូវ សាដក ១ និងបច្ច័យ ២លានរៀល ។ ប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ១លានរៀល៕
ដោយ / គ្រី សម្បត្តិ


