បារាំងបញ្ជូនយន្តហោះចម្បាំងទៅការពារប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបំពានដែនអាកាស
ប៉ារីស៖ បារាំងបានសម្រេចបញ្ជូនយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿង ទៅការពារប្រទេសប៉ូឡូញ បន្ទាប់ពីប៉ូឡូញ បានចោទថា រុស្ស៊ី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅបំពានលើដែនអាកាស របស់ខ្លួន។
លោកប្រធានាធិបតី Emmanuel Macron បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញាថា ការដាក់ពង្រាយនេះ មានគោលបំណងការពារ «ផ្នែកខាងកើតរបស់អឺរ៉ុប» ជាមួយនឹងសម្ព័ន្ធមិត្ត ណាតូ ហើយ ក៏ធ្វើឡើង បន្ទាប់ពីមានការលុកលុយ ពីសំណាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ដែលហោះចូលដែនអាកាស របស់ប៉ូឡូញ។
លោក Macron ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ជាអន្តរជាតិ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន បានសង្កត់ធ្ងន់ថា «យើងនឹងមិនចុះចាញ់នឹងការបំភិតបំភ័យ របស់រុស្ស៊ីទេ» ។
លោក Macron បានអះអាងទៀតថា លោកបានប្រាប់ដំណឹងនេះ ទៅកាន់ នាយករដ្ឋមន្រ្តីប៉ូឡូញ រួចហើយ ហើយក៏បានពិភាក្សារឿងនេះ ជាមួយអគ្គលេខាធិការអង្គការណាតូ និង នាយករដ្ឋមន្ត្រីអង់គ្លេស ដែលពាក់ព័ន្ធនឹងការ ការពារផ្នែកខាងកើត របស់ប្រទេសប៉ូឡូញ ផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បានអះអាងថា បារាំងបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅថ្ងៃសុក្រ ទី១២ ខែកញ្ញា នេះ មកសួរនាំ អំពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងដែនអាកាស របស់ប្រទេសប៉ូឡូញ។
កាលពីដើមសប្តាហ៍នេះ ប៉ូឡូញអះអាងថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បានហោះចូល ទៅក្នុងដែនអាកាសរបស់ខ្លួន អំឡុងពេលដែលទីក្រុងមូស្គូ បើកការវាយប្រហារ យ៉ាងចាស់ដៃ ទៅលើប្រទេសអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ដែនអាកាស របស់ប្រទេសនេះ ត្រូវបានរំលោភបំពាន ចំនួន ១៩ដង ហើយ យន្តហោះគ្មានមនុស្សបើក យ៉ាងហោចណាស់ ចំនួន៣គ្រឿង ត្រូវបានបាញ់ទម្លាក់។
ការចោទប្រកាន់ អំពីការឈ្លានពាន លើ ប៉ូឡូញ នេះ បានធ្វើឡើង នៅរយៈពេល ៣ ឆ្នាំកន្លះ បន្ទាប់ពីការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន ហើយ ប៉ូឡូញ បានចាត់ទុកឧបទ្ទវហេតុនេះថា ជាទង្វើបំពានធ្ងន់ធ្ងរ ដែលមិនធ្លាប់មានពីមុន មក លើប្រទេសជាសមាជិកសម្ព័ន្ធយោធា ណាតូ និង សមាជិក សហភាពអឺរ៉ុប៕
ប្រភព AFP ប្រែសម្រួល៖ សារ៉ាត