បារាំងបង្ហាញយន្តហោះចម្បាំង ការពារប៉ូឡូញ

ប៉ារីស ៖ បារាំងបានបង្ហាញយន្តហោះចម្បាំង បញ្ជូនទៅជួយការពារប្រទេសប៉ូឡូញ បន្ទាប់ពីចោទថា រុស្ស៊ីឈ្លានពានដែនអាកាស។

រូបភាពដែលផ្តល់ដោយអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធបារាំង បានបង្ហាញយន្តហោះចម្បាំង Rafale និងយន្តហោះ A400M ត្រូវបានដាក់ពង្រាយ បន្ទាប់ពីប្រទេសបារាំង បានប្រកាស ពីការចល័ត ជាផ្នែកមួយនៃប្រតិបត្តិការរបស់អង្គការណាតូហៅថា “Eastern Sentry” ដើម្បីពង្រឹងការការពារដែនអាកាសប៉ូឡូញ បន្ទាប់ពីការឈ្លានពាន ដែលមិនធ្លាប់មានពីមុន ដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ចូលទៅក្នុងដែនអាកាស របស់ប្រទេសនេះ។

លោកប្រធានាធិបតី Emmanuel Macron បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញាថា ការដាក់ពង្រាយនេះ មានគោលបំណងការពារ «ផ្នែកខាងកើតរបស់អឺរ៉ុប» ជាមួយនឹងសម្ព័ន្ធមិត្ត ណាតូ ហើយ ក៏ធ្វើឡើង បន្ទាប់ពីមានការលុកលុយ ពីសំណាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ដែលហោះចូលដែនអាកាស របស់ប៉ូឡូញ។

លោក Macron ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ជាអន្តរជាតិ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន បានសង្កត់ធ្ងន់ថា «យើងនឹងមិនចុះចាញ់នឹងការបំភិតបំភ័យ របស់រុស្ស៊ីទេ» ។

លោក Macron បានអះអាងទៀតថា លោកបានប្រាប់ដំណឹងនេះ ទៅកាន់ នាយករដ្ឋមន្រ្តីប៉ូឡូញ រួចហើយ ហើយក៏បានពិភាក្សារឿងនេះ ជាមួយអគ្គលេខាធិការអង្គការណាតូ និង នាយករដ្ឋមន្ត្រីអង់គ្លេស ដែលពាក់ព័ន្ធនឹងការ ការពារផ្នែកខាងកើត របស់ប្រទេសប៉ូឡូញ ផងដែរ។

កាលពីដើមសប្តាហ៍នេះ ប៉ូឡូញអះអាងថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បានហោះចូល ទៅក្នុងដែនអាកាសរបស់ខ្លួន អំឡុងពេលដែលទីក្រុងមូស្គូ បើកការវាយប្រហារ យ៉ាងចាស់ដៃ ទៅលើប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ដែនអាកាស របស់ប្រទេសនេះ ត្រូវបានរំលោភបំពាន ចំនួន ១៩ដង ហើយ យន្តហោះគ្មានមនុស្សបើក យ៉ាងហោចណាស់ ចំនួន៣គ្រឿង ត្រូវបានបាញ់ទម្លាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner