ក្រុមគ្រួសារវីរកងទ័ពដែលត្រូវទាហានថៃចាប់ខ្លួនដោយខុសច្បាប់បានទទួលអំណោយពីក្លិបហ្គូដ ថាម តាមរយៈរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ក្រុមគ្រួសារវីរកងទ័ពកម្ពុជា ដែលត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់បានទទួលអំណោយសប្បុរសធម៌ពីក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លិបហ្គូដ ថាម( Good Time)នៅរាជធានីភ្នំពេញ តាមរយៈរដ្ឋបាលខេត្តសៀមរាប។ពិធីប្រគល់អំណោយបានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាបដោយមានអញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត នាយរងយោធភូមិភាគទី៤ ទទួលបន្ទុកមេរងទិសទី១ប្រាសាទព្រះវិហារ ព្រមទាំងក្រុមសប្បុរសជនក្លិបហ្គូដ ថាម។

គប្បីជម្រាបជូនថា ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាដែលត្រូវចាប់ខ្លួនបន្ទាប់ពីបទឈប់បាញ់ដោយភាគីថៃកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥មានចំនួន២០រូប( ២រូបត្រូវបានដោះលែងរួចហើយ)បានទទួលអំណោយជាច្រើនប្រភេទ រួមមាន សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន។

សំដៅលើការជូនអំណោយ និងការសួរសុខទុក្ខដល់ក្រុមគ្រួសារកងទ័ពដែលត្រូវចាប់ខ្លួនដោយទាហានថៃនោះ លោកអភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា នេះគឺជាការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់គ្រួសារដែលកំពុងព្រួយបារម្ភ។ ការជួបផ្ទាល់បែបនេះបង្ហាញថា គ្រួសារកងទ័ពមិនត្រូវបានបំភ្លេចឡើយ ប៉ុន្តែជាការបង្ហាញពីសាមគ្គីភាព ការដឹងគុណ និងទំនួលខុសត្រូវរបស់សង្គមចំពោះវីរបុរសជាតិ។អំណោយនេះជានិមិត្តរូបនៃការរួមគ្នារវាងប្រជាពលរដ្ឋ និងកងទ័ព បញ្ជាក់ថាកងទ័ពមិនឈរតែឯងទេ។សកម្មភាពនេះជួយបង្កើនស្មារតីស្នេហាជាតិ និងបង្ហាញពីការរួមគ្នារវាងយោធា និងស៊ីវិល ក្នុងការកសាង និងការពារប្រទេសជាតិ។នេះជាជំនួយជាក់ស្តែងក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារទ័ព។

លោកបន្ថែមថា អាជ្ញាធរខេត្តសៀមរាប និងសប្បុរសជនទទួលស្គាល់នូវការលះបង់របស់កងទ័ពក្នុងការការពារជាតិមាតុភូមិ និងបង្ហាញពីទឹកចិត្តមនុស្សធម៌ និងការដឹងគុណជ្រាលជ្រៅចំពោះវីរភាពរបស់ពួកគាត់។

លោកអភិបាលរងខេត្តបានប្រាប់ដល់ក្រុមគ្រួសារទ័ពទាំងអស់ថា មិនត្រូវបារម្ភទេ ពីព្រោះរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់កំពុងខិតខំដោះស្រាយបញ្ហានេះតាមយន្តការផ្លូវការដើម្បីធានាបាននូវសុវត្ថិភាព និងការវិលត្រឡប់របស់កងទ័ពមកកាន់គ្រួសារវិញ៕
ដោយ៖ប៊ុន រដ្ឋា
