NATO ធ្វើសមយុទ្ធយោធាឆ្លើយតបការបំពានរបស់រុស្ស៊ីលើសមាជិកខ្លួន

ព្រុចសែល ៖ អង្គការ NATO បានប្រកាសត្រៀមធ្វើសមយុទ្ធយោធាថ្មីមួយ ដែលមានបំណងទប់ទល់នឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីសមាជិករបស់ខ្លួនគឺប៉ូឡូញបានចោទប្រកាន់ទីក្រុងមូស្គូ ពីបទបញ្ជូនយន្តហោះដ្រូនជាច្រើនគ្រឿងរំលោភលើដែនអាកាសរបស់ប្រទេសខ្លួន។

ប៉ុន្តែជាមួយគ្នានោះ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន ហើយបានចោទប្រកាន់ប្លុកយោធាដឹកនាំដោយអាមេរិកនេះវិញថា មានការព្រួយបារម្ភហួសហេតុពេក។

យ៉ាងណាមិញ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានអះអាងថា សមយុទ្ធនេះមានឈ្មោះថា “Eastern Sentry” ធ្វើឡើងក្នុងគោលបំណងចម្បង គឺពង្រឹងសមត្ថភាពប្រយុទ្ធរបស់ប្លុកយោធាដ៏មានឥទ្ធិពលនេះ នៅតាមខ្សែបណ្តោយផ្នែកខាងកើតរបស់ខ្លួន។

ក្រុមមន្ត្រីបាននិយាយថា ការសម្ញែងសាច់ដុំយោធានេះ នឹងចាប់ផ្តើមនាពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់លំអិតថាតើនៅពេលណាចាប់ផ្តើម និងមានរយៈពេលប៉ុន្មានថ្ងៃនោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនដែលបានគំរាមកំហែងនរណាម្នាក់ រួមទាំងបណ្តាប្រទេសអឺរ៉ុបផងដែរ។ លោកថា វាមិនមែនជារុស្ស៊ីទេ ដែលបានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនឆ្ពោះទៅរកអឺរ៉ុប ប៉ុន្តែគឺអឺរ៉ុបទៅវិញទេ ដែលជាផ្នែកមួយនៃអង្គការណាតូ ដែលធ្វើខ្លួនជាឧបករណ៍នៃការប្រឈមមុខគ្នា ហើយមិនមែនស្វែងរកសន្តិភាព និងស្ថិរភាពទេ គឺតែងតែពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាឆ្ពោះទៅកាន់ព្រំដែនរបស់ប្រទេសរុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner