កាតាឱ្យពិភពលោកកុំមានស្តង់ដារ២ ហើយត្រូវដាក់ទណ្ឌកម្មអ៊ីស្រាអែល

ដូហា ៖ នាយករដ្ឋមន្ត្រីប្រទេសកាតា បានជំរុញឱ្យពិភពលោក ច្រានចោលការអនុវត្ត «ស្តង់ដារពីរ» ហើយត្រូវតែដាក់ទណ្ឌកម្ម លើប្រទេសអ៊ីស្រាអែល ដែលបានវាយប្រហារ លើទីក្រុងដូហា។

កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីកាតា បានជំរុញសហគមន៍អន្តរជាតិ បដិសេធ «ស្តង់ដារ២» និងត្រូវធ្វើឱ្យអ៊ីស្រាអែល ទទួលខុសត្រូវ។ ជាការនិយាយ នៅមុនកិច្ចប្រជុំកំពូលបន្ទាន់មួយ រៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលមិនធ្លាប់មានពីមុនមក លើសមាជិកក្រុមហាម៉ាស់ នៅទីក្រុងដូហា។

នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani បានប្រាប់ថា «ពេលវេលាបានមកដល់ សម្រាប់សហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ការប្រើប្រាស់ស្តង់ដារទ្វេរដង និងដាក់ទណ្ឌកម្មអ៊ីស្រាអែល ចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលខ្លួនបានប្រព្រឹត្ត…
អ្វីដែលជំរុញឱ្យអ៊ីស្រាអែលបន្ត… គឺភាពស្ងៀមស្ងាត់ នេះជា ភាពអសមត្ថភាពរបស់សហគមន៍អន្តរជាតិ ក្នុងការទទួលខុសត្រូវ»។

នាយករដ្ឋមន្ត្រីកាតា បានបន្ថែមថា “សង្គ្រាមសម្លាប់រង្គាល” របស់អ៊ីស្រាអែលនៅហ្គាហ្សា នឹងមិនជោគជ័យទេ។

នាថ្ងៃចន្ទនេះ នឹងមានកិច្ចប្រជុំកំពូល មានទាំងវត្តមាន ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian, នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan។

យោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសកាតា Majed al-Ansari បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃចន្ទទី១៥ ខែកញ្ញានេះ នឹងពិចារណាឲ្យមានសេចក្តីព្រាងដំណោះស្រាយ ស្តីពីការវាយប្រហារ របស់អ៊ីស្រាអែល លើ រដ្ឋកាតា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner