មន្ត្រីបរិស្ថានកំពុងកសាងសំណុំរឿងបទល្មើធនធានធម្មជាតិទៅតុលាការនិងចុះរុះរើសំណង់ ដែលជនខិលខូចឈូសឆាយ ទន្ទ្រានដី និងសាងសង់ដោយខុសច្បាប់ ក្នុង​ឧទ្យានជាតិ«គិរីរម្យ»

(កំពង់ស្ពឺ)៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូច បានធ្វើការ​ឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់​ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថាមន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធ្វើការរុះរើ ផ្ទះលំហែចំនួន១ខ្នង (សាងសង់បានប្រមាណ៨០% ) រោងប្រក់តង់ចំនួនពីរ (រោងស្នាក់នៅ និងរោងបាយ) របងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយ​ផ្នែកប្រ​ហែល ១៥០ម៉ែត្រ និងតំបន់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃតំបន់ឧទ្យានជាតិ​ព្រះ​សុរាម្រិត កុសមៈ«គិរីរម្យ» បន្ទាប់ពីបានរកឃើញបទល្មើសធនធានធម្មជាតិ បង្ក​ឡើង​ដោយជនខិលខូច ដែលបានលួចឈូសឆាយ សាងសង់ដោយខុសច្បាប់ កាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែល​បាន​ចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់​តាម​ដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅ​តាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណី​បទល្មើស​ធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្រុមការងារក្រសួង​បរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធី​នៃច្បាប់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner