មេបញ្ជាការរង ណែនាំកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ត្រូវសហការលើកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ
(កណ្ដាល)៖ ឯកឧត្តម ណុប រ័ត្ននិមល បានធ្វើការណែនាំដល់កម្លាំងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ ត្រូវសហការលើកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។ ការណែនាំនេះធ្វើឡើងក្នុងឱកាដឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហុីង សុខលាភ តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចមធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសល ជូនមាតាបិតា បុព្វេការីជន និងយុទ្ធមិត្ត ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ពិធីនេះ បានប្រារព្ធធ្វើឡើងក្នុងបុណ្យកាន់បិណ្ឌវេនទី៧ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។
ឯកឧត្តម ណុប រ័ត្ននិមល បានមានប្រសាសន៍ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ បិណ្ឌត ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ។ ក្រៅពីនេះនៅបានចូលរួមការងារសង្គមកិច្ចយ៉ាងច្រើនទៀតផងដែរ។
ឯកឧត្តម ណុប រ័ត្ននិមល បានផ្ដាំផ្ញើរដល់នាយទាហាន និងពលទាហាន ទាំងអស់ ត្រូវត្រៀមសម្ភារៈសង្គ្រោះ រួមនិងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងដោយយថាហេតុផ្សេងៗ ព្រមទាំងចូលរួមសហការលើកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ជាពិសេស ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវនូវអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ។
សូមរំលឹកថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស តែងបានរៀបចំនូវពិធីតាមប្រពៃណីជាតិខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែតឋាន ជាពិសេស សូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ធ នាយទាហាន នាយទាហានរង និងពលទាហាន និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារអធិបតេយ្យបូរណភាពទឹកដី ហើយបានមកទទួលនូវមនុញ្ញផល ផលបុណ្យ និងឆាប់បានទៅសោយសុខនៅក្នុងទីឋានសុគតិភព។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហុីង សុខលាភ ព្រមទាំងនាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃចំនួន ៩៥អង្គ ដែលនិមន្តមកពី ៧វត្ត ស្ថិតនៅក្នុងក្រុងតាខ្មៅ ក្រុងអរិយក្សត្រ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូលរាប់បាត វេរប្រគេនព្រះសង្ឃក្នុង១វត្តៗ មានបច្ច័យ ចំនួន ២លានរៀល រួមនឹងមានគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ ជាច្រើនមុខ ទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។
នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានប្តេជ្ញាចិត្តក្នុងឆន្ន:មោះមុត ស្មោះត្រង់ ការពារ និងបម្រើ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០% ៕
ដោយ ៖ វណ្ណលុក












