អ៊ីរ៉ង់ឲ្យប្រទេសមូស្លីមឈប់ទាក់ទងអ៊ីស្រាអែល
ដូហា ៖ ប្រធានាធិបតី ប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យបណ្តាប្រទេសមូស្លីម កាត់ផ្តាច់ទំនាក់ទំនង ជាមួយអ៊ីស្រាអែល នៅមុនកិច្ចប្រជុំកំពូលមួយ នៅប្រទេសកាតា។
នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជំរុញឱ្យបណ្តាប្រទេសមូស្លីម កាត់ផ្តាច់ទំនាក់ទំនង ជាមួយអ៊ីស្រាអែល មុនពេលកិច្ចប្រជុំកំពូលមួយ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលមិនធ្លាប់មានពីមុនមក លើសមាជិកក្រុមហាម៉ាស់ នៅក្នុងប្រទេសកាតា។
លោក Pezeshkian បាននិយាយ មុនពេលចេញដំណើរ ទៅកាន់ទីក្រុង Doha ដោយបន្ថែមថា លោកសង្ឃឹមថា កិច្ចប្រជុំកំពូលនេះនឹង “ឈានដល់ការសន្និដ្ឋាន” លើវិធានការប្រឆាំងនឹងអ៊ីស្រាអែល ដែលថា «វាអាចទៅរួចដែល ប្រទេសឥស្លាម កាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេ ជាមួយរបប ក្លែងក្លាយនេះ ហើយរក្សាបាននូវការរួបរួម និងភាពស្អិតរមួត តាមដែលអាចធ្វើទៅបាន»។
គួររម្លឹកថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារលើប្រទេសកាតា សម្លាប់មនុស្ស ៦នាក់ ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាលប្តេជ្ញាកម្ទេច ក្នុងតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះ គឺជាការទទួលខុសត្រូវ របស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២មក។
នាថ្ងៃចន្ទនេះ នឹងមានកិច្ចប្រជុំកំពូល មានទាំងវត្តមាន ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian, នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan។
យោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសកាតា Majed al-Ansari បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃចន្ទទី១៥ ខែកញ្ញានេះ នឹងពិចារណាឲ្យមានសេចក្តីព្រាងដំណោះស្រាយ ស្តីពីការវាយប្រហារ របស់អ៊ីស្រាអែល លើ រដ្ឋកាតា៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត