ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៥២គ្រួសារស្រុកសំឡូតបានទទួលអំណោយពីសាខាកាក​បាទក្រហម​កម្ពុជា ខេត្តបាត់ដំបង

បាត់ដំបង៖គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនូវអំណោយមនុស្សធម៌ទៅ​ចែក​ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៥២គ្រួសារ ក្នុងនេះជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលករ ។ពួកគេមកពី៤៦ភូមិ ក្នុងឃុំទាំង៧ នៃស្រុកសំឡូត។

ក្នុងពិធីដែលប្រារព្ធនៅបរិវេណផ្សារសំឡូត នៃភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត៎ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជាខេត្តនិង​បាន​នាំ​នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកនិងការផ្តាំផ្ញើដល់គ្រួសារនីមួយៗ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ជាមួយនឹងការផ្តាំឱ្យ​យកចិត្តទុក​ដាក់ គិតគូរ​ពី​បញ្ហាសុខភាព សម្អាតអនាម័យបរិស្ថាន ជុំវិញផ្ទះរបស់ខ្លួន ឱ្យបានស្អាតល្អ ដើម្បីសុខុមាលភាពក្នុង​ក្រុមគ្រួសារ។

ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុង​ការអនុវត្ត​​គោល​នយោបាយភូមិ​ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្ត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។យកចិត្តទុកដាក់​បញ្ជូនកូនៗរបស់ខ្លួនទៅសាលារៀនឱ្យបានទៅរៀនគ្រប់ៗគ្នា ,បន្តខិតខំបង្កបង្កើនផលដាំដុះដំណាំរួមផ្សំនានា ដើម្បីជួយទ្រទ្រង់លើកស្ទួយសេដ្ឋកិច្ចគ្រួសារ ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិ ខណ:ពេលមានភ្លៀងធ្លាក់តែង​តែមានខ្យល់កន្រ្តាក់លាយឡំនឹងផ្គររន្ទះ ដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតមនុស្ស-សត្វ ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner