បណ្ឌិត យង់ ពៅ ៖ កម្ពុជា-ថៃ គេចមិនផុតពីបើកច្រកព្រំដែនគោកឡើងវិញ ប៉ុន្តែកម្ពុជា ត្រូវការភាពច្បាស់លាស់ពីថៃ ខណៈ «ថៃ លេងល្បែងនយោបាយ ងូតទឹក មុជភក់»
(ភ្នំពេញ)៖ ប្រទេសថៃ «លេងល្បែងនយោបាយ ងូតទឹក មុជភក់» ជាមួយសហគមន៍អន្តរជាតិ តាមរយៈ
១).ការរំលោភធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់២៨ កក្កដា ២០២៥
២).ដោយរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ បន្តបង្ខាំងទុកខុសច្បាប់យោធិនកម្ពុជា១៨នាក់។
៣). កងទ័ពថៃចល័តរុលចូលឈ្លានពានអធិបតេយ្យកម្ពុជារាយបន្លាលួសព័ទ្ធផ្ទះនិងស្រែចម្ការពលរដ្ឋកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់។
៤). រឿងដែលអាក្រក់ជាងនេះទៅទៀត អ្នកជ្រុលនិយមថៃបានដឹកទឹកបង្គន់មកគំរាមកំហែងបាញ់ស្រោចលើពលរដ្ឋកម្ពុជា។ សកម្មភាពទាំងនេះសុទ្ធតែបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ រួមទាំងកម្ពុជា និងថែមទាំងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរកិត្តិយសសេចក្តីថ្លៃថ្នូរជាអន្តរជាតិរបស់ថៃខ្លួនឯង។
នេះបើយោងតាម ទស្សនៈផ្ទាល់ខ្លួនរបស់លោកបណ្ឌិត យង់ ពៅ ដែលបានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
លោកបន្ថែមថា ឥឡូវបញ្ហាចាស់ ប៉ុន្តែវានៅតែថ្មី ដោយសារភាពមិនប្រាកដប្រជានៃភាពវក់វីនឹងនយោបាយប្រេះស្រាំខាងក្នុងរបស់ខ្លួន ល្បែងចាស់នៅតែរុញបញ្ហាមកព្រំដែនកម្ពុជា ខណៈរដ្ឋាភិបាលថៃបង្ហាញសញ្ញាចង់ចរចាបើកព្រំដែន អ្នកជ្រុលនិយមថៃទូងស្គរជាតិនិយមជាមួយយោធាឱ្យបន្តគំរាមកំហែងកម្ពុជា និងបន្តបិទព្រំដែន ទាំងនេះនាំឱ្យប្រទេសថៃ បាននិងកំពុងបាត់បង់ភាពស៊ីវិល័យ ហាក់ដូចជាយកភក់កខ្វក់មកស្រោចពាសពេញប្រទេសខ្លួន។
ព្រំដែនគោក កម្ពុជា-ថៃ មានព្រំប្រទល់ជាប់គ្នាជាង ៨០០គីឡូម៉ែត្រ ត្រូវបានអ្នកនយោបាយនិងយោធាថៃបិទព្រំដែនទាំងស្រុងជាឯកតោភាគីរហូតមកទល់ពេលនេះថែមទាំងនាំមកនូវសង្គ្រាម៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) យ៉ាងសាហាវព្រៃផ្សៃ។
កម្ពុជា-ថៃ គេចមិនផុតពីបើកច្រកព្រំដែនគោករវាងគ្នាឡើងវិញនាពេលអនាគត ព្រោះមិនអាចបិទទាំងស្រុងជាង៨០០គ.ម. នោះទេ។ ប៉ុន្តែ កម្ពុជា ត្រូវការភាពច្បាស់លាស់ពីថៃ៖
ទី១- ថៃ ចាំបាច់ត្រូវគោរពកិច្ចព្រមព្រៀងឈប់បាញ់ពេញលេញ
ទី២- ថៃ ត្រូវដោះលែងយុទ្ធជនកម្ពុជា១៨នាក់ ដោយគ្មានលក្ខខណ្ឌ
ទី៣- ថៃ ត្រូវដកថយចេញពីតំបន់ទាំងឡាយណាដែលចូលមកក្រោយថ្ងៃ២៨ កក្កដា ២០២៥ រួមភូមិជោគជ័យ ភូមិព្រៃចាន់
ទី៤- ថៃ មិនអាចយកផែនទីគូសជាឯកតោភាគីដាក់លើតុចរចានានាបានឡើយ
ទី៥- ថៃ ចង់បើកច្រក មិនបាច់ពឹងប្រទេសណាមកធ្វើលេសនោះទេ គឺថៃខ្លួនឯងបង្ហាញសុឆន្ទៈពិតប្រាកដ និងបើកច្រក ដោយខ្លួនឯងទៅ។ ព្រោះ ថៃបានបិទជាឯកតោភាគី ៕
ដោយ ៖ ង៉ាន់ ទិត្យ
