សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អ៊ី ពៅ ខេត្តកំពង់ចាម ទទួលបានការផ្គត់ផ្គង់ទាំងវារីវប្បកម្ម ត្រីធម្មជាតិ ខណៈការកែច្នៃត្រី បានជិត ៤ ម៉ឺន គីឡូក្រាមក្នុងមួយឆ្នាំ
(កំពុងចាម)៖ សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក មួយកន្លែងដែលមានឈ្មោះថា អ៊ី ពៅ ស្ថិតនៅ ក្នុង ទឹកដី ខេត្ត កំពង់ចាមកំពុងទទួលបានកំណើនក្នុងការផលិតកាន់តែច្រើនឡើងដោយអាចផលិតក្នុងមួយឆ្នាំបានជិត៤ម៉ឺនគីឡូក្រាមជាមួយនឹងការរកចំណូលបានក្នុងមួយខែជាង៧ពាន់ដុល្លារ។

សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អ៊ីពៅ ដែលធ្លាប់តែផលិតតាមលក្ខណៈគ្រួសារ នៅក្នុងឆ្នាំ១៩៩២ ហើយបានចុះបញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣។ សហគ្រាសប្រមូល ត្រីស្រស់ពីវារីវប្បករក្នុងខេត្ត ប្រជានេសាទ ឈ្មួញ និងសមាជិក របស់សមាគមវារីវប្បករកម្ពុជា។ ដំបូងឡើយ ផលិតផលរបស់ អាជីវកម្ម លក្ខណៈគ្រួសារនេះ បានបម្រើដល់អតិថិជនមានប្រាក់ចំណូល ទាប តែឥឡូវបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងអនិកជនខ្មែរ រស់នៅឯបរទេសថែមទៀត។

ជាមួយការពង្រីកទីផ្សារយ៉ាងទូលំទូលាយនេះដែរ សិប្បកម្ម ត្រីងៀត ផ្អក អ៊ីពៅ ក៏បានបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការអនុវត្តអនាម័យការច្នៃប្រឌិតផលិតផល និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប។

អ្នកស្រី ទូច ពៅ ម្ចាស់ សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អ៊ី ពៅ សព្វថ្ងៃរស់នៅ ភូមិ បឹងស្នាយ សង្កាត់ សំបូរមាស ខេត្តកំពង់ចាម បានឱ្យដឹងថាក្នុងដំណើរផលិត កែច្នៃផលិតផល ជលផល សព្វថ្ងៃនេះគឺមានការផ្គត់ផ្គង់ត្រីស្រស់ពីវារីវប្បករក្នុងខេត្ត ប្រជានេសាទ ឈ្មួញ និងសមាជិករបស់សមាគមវារីវប្បករកម្ពុជា ។ ផលិតផលត្រីទាំងអស់កំពុងដំណើរការរលូនល្អ ហើយទីផ្សារកាន់តែទូលំទូលាយជាងមុន។ក្នុងនេះក្រៅពីលក់តាមទីផ្សារក្នុងប្រទេសកម្ពុជាហើយ ផលិតផលកែច្នៃដូចជា ត្រីងៀត ផ្អក អ្នកស្រីនៅបាននាំចេញលក់នៅទីផ្សារបរទេសថែមទៀត។

ស្រ្តីដែលបានចាប់ផ្តើមកែច្នៃត្រីងៀត ផ្អកជាង៣០ឆ្នាំមកនេះបានប្រាប់ថាបច្ចុប្បន្នការកែច្នៃត្រីអាចបានជិត៤មម៉ឺនគីឡូក្រាមក្នុងមួយឆ្នាំ ហើយកំណើនអ្នកស្រីរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅចុងឆ្នាំនេះ ។
ម្ចាស់សិប្បកម្មកែច្នៃ ត្រីងៀត ផ្អក អ៊ី ពៅ បានឱ្យដឹងបន្ថែមថាទោះជាបច្ចុប្បន្នបានទទួលនូវឧបករណ៍ទំនើបៗបានចូលមកជំនួស តែអ្នកស្រីក៏បានជួបពីកង្វះខាតសម្ភារ និងបរិក្ខារសំខាន់ៗមួយចំនួនដែលបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្មផងដែរ ដូចជាឧបករណ៍សម្អាត ម៉ាស៊ីនអ៊ុតបឺតខ្យល់ ទូត្រជាក់ ម៉ាស៊ីនវេចខ្ចប់និងបិតស្លាកសញ្ញាជាដើម។
គួរបញ្ជាក់ថា សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ្វីពៅ បានចូលរួមទុនវិនិយោគជាមួយគម្រោង CAPFISH-Capture ប្រមាណ ៩៣.៩៦០ ដុល្លារអាមេរិក ឬស្មើ នឹង ៧៦ភាករយនៃចំនួនវិនិយោគសរុប ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរោងចក្រកែច្នៃឱ្យស្របតាមលក្ខខណ្ឌតម្រូវស្តង់ដារសុវត្ថិភាពអាហារ CQS ដោយផ្តោតលើការទទួលបានទីផ្សារថ្មីៗបន្ថែម។ មកទល់ពេលនេះ សិប្បកម្មមានផលិតបានគ្រប់គ្រាន់ស្របតាមតតម្រូវការ ដោយធ្វើការចែកចាយផលិតផលប្រមាណ ៣៨.០០០តោន ក្នុង ១ឆ្នាំ ទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារតម្លៃថ្លៃ រួមទាំងអនិកជនកម្ពុជានៅឯបរទេស ។
ការលក់រំពឹងថា នឹងកើនឡើង ១០ភាគរយនាចុងឆ្នាំ២០២៥ ដោយសារមានកំណើននៃការបញ្ជាទិញតាមអនឡាញ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត
