លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី ត្រូវបានប្រកាស​ជាអភិបាលរងខេត្តពោធិ៍សាត់ជាផ្លូវការ

ពោធិ៍សាត់៖ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានអញ្ជើញជាអធិបតី ក្នុងពិធី​ប្រកាស​ចូលកាន់មុខតំណែងអភិបាលរង​នៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​​ចំនួនពីររូប​នៅសាលប្រជុំសាលាខេត្ត​ពោធិ៍សាត់។

លោក ញឹក បានខេង អតីតអភិបាលរងខេត្តកំពង់ធំ និង​លោក អ៊ុយ សុធាវី អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបាន​ប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តពោធិ៍សាត់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនេះដោយមានវត្តមានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ផង​, ឯកឧត្តម ប៊ុន ហុន តំណាង​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអបអរ​សាទរ និងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី ដែលបានក្លាយជាអភិបាល​រងថ្មីនៃខេត្ត​ពោធិ៍សាត់ថ្ងៃនេះ នឹងអនុវត្ត​នូវតួនាទីភារកិច្ចប្រកប​ដោយទំនួលខុសត្រូវ។ឯកឧត្តមសូមឱ្យលោកអភិបាលរង​ថ្មីទាំង​២រូប​អនុវត្តការងារក្នុងជួរ​គណៈអភិបាលខេត្តឱ្យ កាន់តែមាន​ប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់​រាជរដ្ឋាភិបាល។

ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និង​ការអភិវឌ្ឍខេត្ត​ប្រកបដោយ​បរិយាបន្ន និងសមធម៌​សង្គម គឺជាអ្វី​ដែលឯកឧត្តម ប៊ុន ហុន បានជំរុញបន្ថែមដល់អភិបាលរង​ខេត្ត​ថ្មីទាំងពីររូប​ ដើម្បី​ឆ្លើយតបទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

ដោយ៖ចេង ពុំ

ads banner