រដ្ឋឈូងសមុទ្រឲ្យអាមេរិកប្រើឥទ្ធិពល សង្កត់អ៊ីស្រាអែល
ដូហា៖ បណ្តារដ្ឋឈូងសមុទ្រ កាលពីថ្ងៃទី១៥ ខែកញ្ញា បានអះអាងថា សហរដ្ឋអាមេរិកគួរតែប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីគ្រប់គ្រង សង្កត់លើប្រទេសអ៊ីស្រាអែល។
រដ្ឋឈូងសមុទ្រ អំពាវនាវឱ្យសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ពួកគេ គឺ សហរដ្ឋអាមេរិក ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីគ្រប់គ្រងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលមិនធ្លាប់មានពីមុនមក លើក្រុមហាម៉ាស ក្នុងប្រទេសកាតា កាលពីសប្តាហ៍មុន។
អគ្គលេខាធិការ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លោក Jasem Mohamed Al-Budaiwi បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល អារ៉ាប់-អ៊ីស្លាម ជាបន្ទាន់ នៅទីក្រុងដូហា ប្រទេសកាតា ថា «គេមានអានុភាព និងឥទ្ធិពលលើអ៊ីស្រាអែល ហើយវាដល់ពេលដែលអានុភាព និងឥទ្ធិពលនេះ ត្រូវប្រើ»។
គួររម្លឹកថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារ លើប្រទេសកាតា សម្លាប់មនុស្ស៦នាក់ ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាលប្តេជ្ញាកម្ទេច ក្នុងតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះ គឺជាការទទួលខុសត្រូវ របស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២មក៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
