ឯកឧត្តម ឌិត ទីណា ៖ និស្សិតបញ្ចប់ការសិក្សាជំនាញកសិកម្មលើសលប់ ទទួលបានការងារធ្វើទាំង ឯកជន និងជា មន្រ្តីកសិកម្ម

(ភ្នំពេញ)៖ តាមការស្ទង់មតិកន្លងមកបានឱ្យដឹងថា និស្សិតដែលបានបញ្ចប់ការសិក្សាប្រមាណ ៩៨,៨ភាគរយ ទទួលបានការងារធ្វើ ក្នុងនោះភាគច្រើនលើសលប់បម្រើការក្នុងវិស័យឯកជន មួយចំនួនបានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ និង មួយចំនួនទៀតបានបង្កើតអាជីវកម្មដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម ឌិត ទីណា ឱ្យដឹងថា ៖ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះមានចំនួន ១ ៤៨៧នាក់ (នារី ៦០៧នាក់ ស្មើនឹង ៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០២៣ និង ឆ្នាំ២០២៤ ក្នុងនោះនិស្សិតចំនួន ៦៤៧នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ចំនួន ៦២៩នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងចំនួន ២១១នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងដែរថា រយៈពេល ៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីបានរួមចំណែកកសាងធនធានមនុស្ស សរុបចំនួន ៣១ ៨៤១នាក់ ក្នុងនោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ១៤ ៩៨១នាក់, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន ១១ ៦៥១នាក់ និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចំនួន ៥ ២០៩នាក់។ ជាមួយនឹងអត្រានិស្សិតបញ្ចប់ការសិក្សាជាមធ្យមចំនួនប្រមាណ ៨០០នាក់ ក្នុងមួយឆ្នាំ ខណៈដែលគ្រឹះស្ថានទាំងបីកំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួន ៥ ៨៦២នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ រួមទាំងនិស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៩នាក់ ។

រដ្ឋមន្រ្តីក្រសួងអប់រំ ឱ្យដឹងដែរថា”ខ្ញុំពិតជាមានការពេញចិត្តពេញថ្លើមជាមួយនឹងសកម្មភាព យ៉ាងសស្រាក់ សស្រាំរបស់មន្ត្រីកសិកម្មឃុំទាំង ១,៦០០នាក់ នៅទូទាំងប្រទេស ដែលត្រូវបានជ្រើសរើស ក្នុងនោះ មន្ត្រីកសិកម្មឃុំចំនួន ១,២២៨នាក់ បាន និងកំពុងផ្តល់សេវា គាំទ្របច្ចេកទេស ប្រមូល ទិន្នន័យ តម្រង់ទិសផលិតកម្មកសិកម្ម ក្ដាប់បញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ជាពិសេស ការជួយរកទីផ្សារ និងសម្របសម្រួលការលក់ស្រូវរបស់បងប្អូនប្រជាកសិករ”។

រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអនុវត្តបានដោយជោគជ័យ ក្នុងការបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១៦ នៅក្នុងខេត្តចំនួន១០ លើមុខដំណាំស្រូវ, បន្លែ, ម្រេច និងស្វាយចន្ទី ដែលរូបខ្ញុំរំពឹងថានឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner