ខេត្តបាត់ដំបងប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មីចំនួនពីរូប
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តចំនួនពីររូប ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាសាលប្រជុំសាលាខេត្ត។
ក្នុងពិធីប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥គឺ លោក ស្រេង ហុង អតីតអភិបាលរងខេត្តកោះកុងត្រូវបានផ្ទេរមកកាន់មុខតំណែងថ្មីជាអភិបាលរងខេត្តបាត់ដំបងជំនួសលោក សឿម ប៊ុនរិទ្ធិ ដែល ត្រូវផ្ទេរទៅទីស្ដីការក្រសួងមហាផ្ទៃ និងលោក ហេង វណ្ណនី អតីតអភិបាលរងខេត្តកំពង់ចាមមកកាន់មុខតំណែងជាអភិបាលរងខេត្តបាត់ដំបង។
ក្នុងពិធីដ៏អធឹកអធមនេះដែរឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានគូសរំលេចអំពីសកម្មភាពរដ្ឋបាលខេត្តដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការងារកំណែទម្រង់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការដឹកនាំ ការផ្តល់នូវសេវារដ្ឋបាល និងសេវាសាធារណៈ និងការកែលម្អនូវបរិយាកាសនិងឱកាសវិនិយោគនៅខេត្តបាត់ដំបង។
ថ្លែងទៅកាន់អង្គពិធី ពិសេសអភិបាលរងថ្មីទាំងពីររូប ឯកឧត្តម ម៉ៅ ច័ន្ទតារា តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីភារកិច្ចកន្លងមក ក្នុងការសម្រេចបាននូវសមិទ្ធផលការងារជាច្រើន ដោយរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងរាល់សមិទ្ធផលនានាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ឯកឧត្តមរំពឹងថា
វត្តមានអភិបាលរងខេត្តថ្មីទាំងពីររូប នឹងរួមចំណែកឱ្យខេត្តបាត់ដំបងកាន់តែសម្រេចសមិទ្ធផលថ្មីៗថែមទៀត៕
អត្ថបទ-រូបភាព៖អ៊ុក សំអាន បប






