អភិបាលខេត្តកណ្តាល ជំរុញឱ្យស្រង់ស្ថិតិបងប្អូនពលរដ្ឋ មកពីថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ

(ខេត្តកណ្តាល)៖ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ត្រូវមានការងារធ្វើឱ្យបានគ្រប់គ្នា ពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានជាដើមជូនពួកគាត់ ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនអោយបានគ្រប់គ្នា និងអ្វីដែលត្រូវយកចិត្តទុកដាក់គឺស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់យើង។

នេះជាប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល ។

ឯកឧត្តម គួច ចំរើន បន្តថា៖ ខេត្តកណ្តាល មានបងប្អូនពលករបានវិលត្រលប់មកស្រុកវិញប្រមាណ ២៦៦៨នាក់។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញនេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង ១ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់ឱ្យបានច្បាស់ ដើម្បីដឹងថា ពួកគាត់ដែលមកវិញ គាត់ធ្វើអ្វី នៅទីកន្លែងណា។

អាជ្ញាធរតាមបណ្តាស្រុកក្នុងខេត្តកណ្តាលបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងពលករមកពីប្រទេសថៃ មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯង ទៅរស់នៅជាមួយក្រុមគ្រួសារនៅខេត្តផ្សេង រីឯពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឲ្យអ្នកស្វែងរកការងារធ្វើមានចំនួនតិច។

គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ពលករដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកខេត្តកណ្តាលវិញមានចំនួន ២៦៦៨នាក់ ។ ក្នុងចំណោមប្រជាពលរដ្ឋទាំង ២៦៦៨នាក់នៅក្នុងខេត្តកណ្តាល ដែលបានវិលត្រឡប់មកពីប្រទេសថៃ មានពលករចំនួន ១៣៩៨នាក់ បានទទួលការងារធ្វើ ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ខេត្តកណ្តាលមានឱកាសការងារ ចំនួន ១០,៤៦៦ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីពីប្រទេសថៃ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner